(ត្បូងឃ្មុំ)៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា និងលោកស្រីបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ៧១៥នាក់ មកពី៤វិទ្យាល័យក្នុងខេត្តត្បូងឃ្មុំ គឺវិទ្យាល័យក្រែក វិទ្យាល័យ ហ៊ុន សែនពញាក្រែក វិទ្យាល័យ ជាស៊ីម កណ្តោលជ្រុំ និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានខិតខំរៀនសូតរហូតទទួលបានជ័យលាភីក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក វង សូត បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ រួមផ្សំជាមួយនឹងការយកចិត្តទុក្ខដាក់ពី មន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការលើកទឹកចិត្តពីឪពុកម្តាយ  រហូតប្រឡងជាប់ និងទទួលបាននិទ្ទេសល្អទៀតផង។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស ដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។ 

លោក វង សូត បានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែករបស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល្យរបស់ខ្លួនឯង ពោលគឺទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។

ឆ្លៀតឱកាសនេះ លោក វង សូត ក៏បានលើកទឹកចិត្តដល់ក្មួយៗដែលមិនបានប្រលងជាប់ និងដែលមានទទួលបាននិទេសមិនល្អ សូមកុំអស់សង្ឃឹម និងជំរុញឱ្យក្មួយៗចូលរៀនជំនាញបច្ចេកទេស ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុក្ខដាក់ជំរុញការបណ្តុះបណ្តាលនេះដល់យុវជន ដើម្បីចាប់យកមុខរបរ ជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

បើតាមលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទូទាំងខេត្តត្បូងឃ្មុំ ដែលមានបេក្ខជនដាក់ពាក្យប្រឡងសរុបរួមចំនួន ៥,៥៦៥នាក់ ស្រី ៣,១៤៣នាក់ បេក្ខជនបានមកប្រឡងសរុបចំនួន ៥,៤៩១នាក់ ស្រី ៣,១១៣នាក់ បេក្ខជនប្រឡងជាប់សរុបចំនួន ៤,០៧០នាក់ ស្រី ២,៤២៦នាក់ ស្មើនឹង ៧៤.១២ភាគរយ ក្នុងនោះនិទ្ទេស A ៥៥នាក់ ស្រី ៣៨នាក់ និទ្ទេស B ២៣៩នាក់ ស្រី ១៥៣នាក់ និទ្ទេស C ៧២៣នាក់ ស្រី ៤៤៣នាក់ និទ្ទេស D ១,៤១៨នាក់ ស្រី ៨៨៣នាក់ និទ្ទេស E ១,៦៣៥នាក់ ស្រី ៩០៩នាក់។

គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែលស្រី វង សូត និងលោកស្រីបានផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅក្នុងស្រុកពញាក្រែកចំនួន៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ២លានរៀល, និទ្ទេស B ចំនួន៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៤០ម៉ឺនរៀល និទ្ទេស C ចំនួន ១៤២នាក់ និទ្ទេស D ចំនួន២៣៨ និងនិទ្ទេស E ចំនួន ២៨៦នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥ម៉ីនរៀល ឧបត្ថម្ភវិទ្យាល័យក្រែក វិទ្យាល័យ ហ៊ុន សែនពញាក្រែក វិទ្យាល័យ ជាស៊ីមកណ្តោលជ្រុំ និងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ក្នុងវិទ្យាល័យមួយៗ ថវិកា១លាន រៀង និងឧបត្ថម្ភលោកគ្រូ អ្នកគ្រូក្រុមប្រឹក្សា និងអភិបាលស្រុក ការិយាល័យអប់រំស្រុក និងនាយក នាយករងវិទ្យាល័យទាំង៤ សរុប៤២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀលផងដែរ៕