(បាលី)៖ កងកម្លាំងសន្តិសុខរបស់ឥណ្ឌូណេស៊ី បានចាប់ផ្តើមរឹតបន្តឹងសន្តិសុខ កម្រិតខ្ពស់បំផុតនៅលើកោះបាលី បន្ទាប់ពីភេរវករម្នាក់ត្រូវបានចាប់ខ្លួន ខណៈកំពុងមានបំណងបើកការ វាយប្រហារនៅលើតំបន់ទេសចរណ៍ លំដាប់ថ្នាក់ អន្តរជាតិដ៏ល្បីល្បាញរបស់ ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។
លោក Sugeng Priyanto មេបញ្ជាការប៉ូលិសខេត្ត Denpasar បាននិយាយថា «ឆ្លើយតបចំពោះព័ត៌មាន អំពីការ ចាប់បានភេរវករម្នាក់ដែលគ្រោងវាយប្រហារកោះបាលីនោះ យើងកំពុងចាប់ផ្តើមបង្កើនកិច្ចការពារផ្នែកសន្តិសុខ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅគ្រប់ច្រកចេញចូលកោះ»។ លោក Sugeng សង្កត់ធ្ងន់ថា កិច្ចការពារនឹងធ្វើឡើង សូម្បីតែច្រកតូចបំផុត ព្រោះវាក៏ជាផ្លូវដែលនាំបញ្ហា ចូលមកបាចសាចពាសពេញកោះកម្សាន្តមួយនេះផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប៉ូលិសប្រឆាំងភេរវកម្មរបស់ឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង្ស័យជា ភេរវករម្នាក់នៅកោះស៊ូម៉ាត្រា ដែលរូបគេបានសារភាពកំពុងគ្រោងរៀបចំ ដើម្បីវាយប្រហារកោះបាលី។ ក្រោយការស៊ើប អង្កេត និងឆែកឆេរក្នុងផ្ទះរបស់ជនសង្ស័យរូបនោះ ប៉ូលិសបានប្រទះឃើញគ្រឿងផ្ទុះ ឬគ្រាប់បែកប្រកបដោយឥទ្ធិពល ខ្លាំងក្លា(ខ្នាតធំ)មួយចំនួន ប៉ុន្តែជនសង្ស័យមិនបានសារភាពថា ខ្លួនគ្រោងវាយប្រហារ នៅពេលណានោះឡើយ។
សម្រាប់កោះបាលីនេះ គឺធ្លាប់បានទទួលរងការវាយប្រហារ ដោយអំពើភេរវកម្មដ៏កក្រើកសកលលោក កាលពីឆ្នាំ ២០០២ គឺការបំផ្ទុះគ្រាប់បែកដោយពួកសកម្មប្រយុទ្ធក្នុងស្រុក បានសម្លាប់ភ្ញៀវទេសចរ អន្តរជាតិ ២០២នាក់ ក្នុងនោះមានជនជាតិអូស្ត្រាលីច្រើនជាងគេបំផុត។ បច្ចុប្បន្នក្រុមសកម្មប្រយុទ្ធ ឬភេរវករក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេដឹងថា បានទទួលរងពង្វក់ពីក្រុមរដ្ឋអ៊ីស្លាម ISIS ដែលស្ថិតនៅក្រៅប្រទេស៕