(ទីក្រុងតូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោក កូ យ៉ាហ្សាគិ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មក្នុងការផលិតគ្រឿងបង្គុំអេឡិចត្រូនិក របស់ក្រុមហ៊ុន គិតចាប់តាំងពីឆ្នាំ ២០១១មក ព្រមទាំងអំពីគម្រោងនៃការពង្រីកវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។

ទន្ទឹមនេះ លោកអនុប្រធានក្រុមហ៊ុន Yazaki Corporation ក៏បានថ្លែងនូវការកោតសសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្ត ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបជាមួយលោក កូ យ៉ាហ្សាគិ និងព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Yazaki Corporation នាឱកាសនេះ។

ទន្ទឹមនឹងនេះ សម្តេចធិបតីបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា លើការផលិតគ្រឿងបង្គុំអេឡិចត្រូនិកបម្រើឱ្យការនាំចេញ ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលនឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយទៅលើដំណើរការអាជីវកម្មដ៏ល្អប្រសើរ និងទំនុកចិត្តចំពោះប្រទេសកម្ពុជា។

បន្ថែមលើសនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាវិស័យអាទិភាព នៅក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មី, ច្បាប់វិនិយោគថ្មី និងយន្តការថ្មី ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងភស្តុភារកម្ម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្ត ប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញ ចំពោះគម្រោងវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា សំដៅធានាបាននូវសមត្ថភាពលើការផលិត នូវផលិតផលសម្រេច ដែលមានតម្លៃបន្ថែមខ្ពស់បម្រើឱ្យការនាំចេញទៅក្រៅប្រទេស៕