(ភ្នំពេញ)៖ អង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុ របស់ធនាគាជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ បានសហការជាមួយ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) រៀបចំកិច្ចប្រជុំពិភាក្សា ដំណើរការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល ធនាគាជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅសណ្ឋាគារសាន់វេ។
កិច្ចប្រជុំនេះ ប្រព្រឹត្តិឡើងមានរយៈពេល៣ថ្ងៃ ដោយមានការចូលរួមពីតំណាង ក្រសួងស្ថាប័នដែលពាក់ព័ន្ធ មន្រ្ដីអនុវត្តច្បាប់ និងតំណាងវិស័យឯកជន ប្រមាណជា១០០នាក់ ហើយគោលបំណងពិភាក្សា អំពីដំណើរការនៃការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា។
លោក ជា ចាន់តូ បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រហូតបានសម្រេចសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់។ ប្រទេសកម្ពុជាធ្លាប់ទទួលរង នូវការវាយតម្លៃអញ្ញមញ្ញ (ការវាយតម្លៃគ្នាទៅវិញទៅមក) ពី APG ម្ដងរួមមកហើយ កាលពីដើមឆ្នាំ២០០៧ ហើយពេលនោះ គឺយើងពុំបានទទួលបានលទ្ធផលល្អទេ ដោយសារខ្វះខាតមូលដ្ឋានច្បាប់ និងយន្ដការអនុវត្តន៍ច្បាប់ គ្រប់គ្រាន់សម្រាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្រប់តាមស្ដង់ដារ គ្រប់គ្រងការងារហិរញ្ញវត្ថុ។
លោកបានបន្ដទៀតថា ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការរៀបចំ ឲ្យមានយុទ្ធសាស្រ្ដជាតិ ការពង្រឹងក្របខណ្ឌគតិយុត្តិ ដោយបានដាក់ឲ្យប្រើប្រាស់ ដាក់ចេញលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងប្រគល់ភារកិច្ច ជូនគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឲ្យតាមដានការអនុវត្តន៍ច្បាប់ និងបទបញ្ញាតិទាំងនោះ និងកិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្ដរជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបន្ថែមទៀតថា ទោះបីជាសម្រេចបានផលិតផល ការងារជាទីមោទនៈនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ដទៀត ជាពិសេសលើការងារកិច្ច សហការជាមួយសហគមន៍អន្ដរជាតិ ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មទាំងទ្វេភាគី និងពហុភាគី។
ជាមួយគ្នានេះដែរ លោក ជា ចាន់តូ បញ្ជាក់បន្ថែមអំពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល បន្ដការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង លើការងារកិច្ចសហការជាមួយសហគមន៍អន្ដរជាតិ ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាពិសេសជាមួយ APG និងបានស្នើឲ្យសមាជិកអង្គប្រជុំបន្ដ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចតាមយុទ្ធសាស្រ្ដ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងផ្ដល់កិច្ចសហការល្អ ដល់ក្រុមការងាររបស់ APG ដើម្បីឲ្យកិច្ចប្រជុំប្រព្រឹត្តដោយជោគជ័យ៕