(ភ្នំពេញ)៖ ស្ត្រីម្នាក់បានស្លាប់ ដែលសមត្ថកិច្ចដាក់ការសង្ស័យ ទៅលើបុរសជាប្ដីវាយធ្វើបាបបណ្ដាលឲ្យស្លាប់ តែប្តីរបស់នាងឆ្លើយថា ស្លាប់ដោយសារគាំងបេះដូង។ យ៉ាងណាក៏ដោយករណីនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ សហការជាមួយនគរបាលបច្ចេកទេស កំពុងធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវរកមូលហេតុ នៃការស្លាប់នេះ។
ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤៦៣ ក្រុម៤ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ។ លោក ហ៊ុយ ហ៊ាន នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ស្ត្រីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ភាព អាយុ២៨ឆ្នាំ និងមានប្តីឈ្មោះ ទុន កែ អាយុ៤៤ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ។
លោក ហ៊ុយ ហ៊ាន បានដកស្រង់សំដីរបស់បុរសជាប្ដីប្រាប់សមត្ថកិច្ចលោកថា «ប្រពន្ធរបស់គាត់ស្លាប់ដោយគាំងបេះដូង ព្រោះនៅមុនពេលកើតហេតុ ប្រពន្ធរបស់ខ្លួនមានអាការៈតឹងទ្រូង ទើបគាត់ជាប្ដីបានរឹតទ្រូងឲ្យ មួយសន្ទុះក៏ស្ទះខ្យល់ដាច់ដង្ហើមស្លាប់តែម្តងទៅ»។
លោក ហ៊ុយ ហ៊ាន បន្តថា បើតាមសាក្សីដែលជាញាតិជិតខាង បានដាក់ការសង្ស័យថា អាចប្តីប្រើហិង្សាវាយបណ្ដាលឲ្យស្លាប់ ព្រោះសាកសពប្រពន្ធមានស្លាកស្នាមជាំភ្នែក ដោយនៅយប់មុនកើតហេតុគេបានឮសម្លេងជនរងគ្រោះស្រែកឲ្យគេជួយ ហើយបុរសជាប្ដីបានសារភាពថា ពួកគេទាំង២នាក់ ប្ដីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយសារតែប្រចណ្ឌក្នុងពេលផឹកស្រវឹង និងបានប្រើហិង្សាទៅលើប្រពន្ធមែន ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។ បុរសជាប្ដីបានប្រាប់សមត្ថកិច្ចទៀតថា រូបគេធ្លាប់មានប្រពន្ធ និងកូនហើយបានចាប់ដៃគ្នាជាមួយជនរងគ្រោះ ដោយមិនបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ តាមប្រពៃណីឡើយ ក្នុងរយៈពេល៨ខែមកហើយ៕