(សៀមរាប)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ផ្លូវនានា ដើម្បីកាត់បន្ថយគម្លាតទីប្រជុំជន និងទីជនបទ ក៏ដួចជាបង្កភាពងាយស្រួល ដល់ការធ្វើដំណើររបស់ពលរដ្ឋ ទៅកាន់គោលដៅផ្សេងៗ។

ក្នុងពេលដឹកនាំក្រុមការងារ គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ស្ថិតក្នុងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត នួន ដាញ៉ិល បានថ្លែងថា ផ្លូវមួយខ្សែនេះ ពិតជាបានចូលរួមយ៉ាងច្រើន ក្នុងការជួយលើកម្ពស់កម្រិតជីវភាព របស់ពលរដ្ឋក្នុងតំបន់នោះ ដែលមានទាំងការដឹកជញ្ជូនកសិកផល ទៅលក់នៅទីផ្សារ ក៏ដូចជាដឹកទំនិញផ្សេងៗ ទៅកាន់ទីប្រជុំជន។

លោកបានបន្តថា មិនត្រឹមប៉ុណ្ណោះ ផ្លូវនេះក៏នឹងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការដឹកជញ្ជូន នូវភ្ញៀវទេសចរណ៍ ទៅលេងកម្សាន្តនៅតាមប្រាសាទបុរាណមួយចំនួន ក្នុងខេត្តសៀមរាប ក៏ដូចជាបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន។

លោករដ្ឋលេខាធិការ បានបន្ថែមថា មួយវិញទៀត ផ្លូវមួយខ្សែនេះ ក៏នឹងអាចជួយសម្រួលផងដែរ ដល់ការអភិឌ្ឍន៍សមិទ្ធផលផ្សេងៗទៀត នៅក្នុងមូលដ្ឋានឃុំតាសៀម និងងាយស្រួល ក្នុងការនាំយកពលរដ្ឋដែលមានជំងឺទៅកាន់មន្ទីរពេទ្យ នៅទីប្រជុំជន ឬទីរួមស្រុកស្វាយលើ និយាយរួម គឺបានជួយកាត់បន្ថយច្រើន ដល់ការចំណាយរបស់ពលរដ្ឋ។

ផ្លូវដីក្រាលល្បាយក្រួសនេះ មានប្រវែងជាង ៦គីឡូម៉ែត្រ អមជាមួយនឹងការស្ថាបនាស្ពានបេតុង ១ខ្សែ ប្រវែង ៣០ម៉ែត្រ លូប្រអប់ ១កន្លែង លូមូលមុខមួយចំនួន ដែលអនុវត្តន៍ស្ថាបនាគម្រោងដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលប្រើប្រាស់ថវិកាជំពូក២១។

ក្នុងឱកាសនោះ ក្រុមការងារគណៈកម្មការអន្តរក្រសួង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែទាំទាំងអស់គ្នា តាមរយៈការមិនដឹកជញ្ជូនលើសទម្ងន់ និងមិនកាប់គាស់ផ្លូវជាដើម។

គួរបញ្ជាក់ថា ផ្លូវ គឺជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល (ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដោយរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការអភិវឌ្ឍន៍នូវសរសៃឈាមសេដ្ឋកិច្ចនេះ ដែលក្នុងនោះមានទីផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវលំជនបទ និងស្ពានជាដើម៕