(ត្បូង)៖ ខណៈដែលធ្វើដំណើរត្រួតពិនិត្យសមិទ្ធផលនៅខេត្តត្បូងឃ្មុំ និងកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានចូលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅផ្ទះមួយកន្លែង នៅភូមិតាហៀវលើ ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាផ្ទះដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់សុំជ្រកភ្លៀង ហើយសម្រាន្តមួយយប់នៅទីនោះ ក្រោយពេលរៀបការរួចមួយថ្ងៃ កាលពីជំនាន់ប៉ុលពត។
បើតាមលោកយាយ អ៉ីស័រ បាននិយាយប្រាប់ភ្នាក់ងារ Fresh News នៅលើផ្ទះនោះថា កាលពីជំនាន់ប៉ុលពត សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រាកនៅទីនេះមួយយប់ ហើយផ្សំដំណេកទៀតផង ព្រោះឲ្យដេកបែកគ្នាហើយ នៅរត់រកគ្នាទៀត ព្រោះព្រឹកឡើងឃើញនៅជាមួយគ្នា។ ទោះបីយ៉ាងលោកយាយ មានអារម្មណ៍សប្បាយរីករាយណាស់ ដែលសម្តេចបានមកលេងពួកគាត់។
ផ្ទះឈើដែលសល់តាំងពីជំនាន់មុននោះជារបស់ លោកយាយ អ៊ី ស័រ ដែលមានវ័យចាស់ជរា។ ប៉ុន្តែនៅពេលដែលជួបលោកយាយខាងលើនោះភ្លាម សម្តេចតេជោ ហ៊ុន សែន មិនបានប្រកាន់ខ្ពស់ទាបអ្វីឡើយ ថែមទាំងបានហៅ លោកយាយថា «ម៉ែៗ»ថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន និងលោកយាយ អ៊ី ស័រ បានសម្តែងភាពស្និទស្នាលមិនខុសពីម្តាយ និងកូន។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានរម្លឹកអំពីប្រវត្តិ និងរឿងរ៉ាវដែលសម្តេច បានទីសុំជ្រកភ្លៀងនៅផ្ទះលើនេះថែមទៀត។ សម្តេចថា កាលណោះប្រជាពលរដ្ឋនៅក្នុងផ្ទះនេះពុំបានដឹងថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបការនឹងគ្នាទេ ប៉ុន្តែពួកគេបានបំបែកសម្តេចទាំងពីរមិន ឱ្យដេកជាមួយគ្នា ហើយសម្តេចក៏យល់ព្រមតាមនោះ។
យ៉ាងណាក៏ដោយ នៅក្នុងជំនួបនោះ គ្រួសារលោកយាយ អ៊ី ស័រ បានសម្តែងទឹកចិត្តរំភើបរីករាយ ដែលបានសម្តេចតេជោ ហ៊ុន សែន ចូលសួរសុខទុក្ខនៅក្នុង ក្រុមគ្រួសាររបស់គាត់។ គ្រួសារនេះបានថ្លែងអំណរគុណ និងកោតសរសើរសម្តេចតេជោ ហ៊ុន សែន ថាជាមេដឹកនាំប្រកបដោយគុណធម៌ និងតែងតែជួយដល់ ប្រជាពលរដ្ឋដែលខ្វះខាត។
សូមជំរាបថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះសួរសុខទុក្ខ និងត្រួតពិនិត្យសមិទ្ធផលនានា នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ហើយបន្តទៅខេត្តកំពង់ចាម៕