(តូក្យូ, ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាប្រាង្គប្រាសាទ គឺជាងដួងព្រលឹងរបស់ខ្មែរដែលមិនអាចកាត់ថ្លៃបាននោះឡើយ។ ក្នុងន័យនេះ សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនៅតែបន្តសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាងរបស់ជប៉ុនលើកិច្ចការអភិរក្ស ថែទាំ និងជួសជួលប្រាង្គប្រាសាទនានា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Ishizawa Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Ishizawa Yoshiaki បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកសាស្ត្រាចារ្យ Ishizawa Yoshiaki ក៏បានសម្តែងក្តីរីករាយដែលបានចូលរួមក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
លោកសាស្ត្រាចារ្យ បានជម្រាបសម្តេចធិបតី អំពីវឌ្ឍនភាពពីការចូលរួមរបស់រូបលោកសាស្ត្រាចារ្យផ្ទាល់ ក៏ដូចជាសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការងារជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀតក្នុងខេត្តសៀមរាប រយៈកាលជាង ៣០ឆ្នាំកន្លងមកនេះ ប្រកបដោយមនោសញ្ចេតនាស្រលាញ់ និងកោតស្ញប់ស្ញែងចំពោះទេពកោសល្យរបស់បុព្វបុរសខ្មែរក្នុងការកសាងប្រាសាទទាំងនោះទ្បើង។ ជាងនេះទៅទៀត សាកលវិទ្យាល័យសូហ្វីយ៉ា ក៏បានបើកមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ប្រចាំខេត្តសៀមរាប ដើម្បីចែករំលែកបទពិសោធន៍លើការងារអភិរក្សជួសជុល និងគ្រប់គ្រងតំបន់បេតិកភណ្ឌ នៅតាមបណ្តាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ និងតំបន់ព្រះវិហារ សម្រាប់បម្រើដល់ការសិក្សាស្វែងយល់លើការអនុវត្តជាក់ស្តែង។
លើសពីនេះ លោកសាស្ត្រាចារ្យ ក៏បានស្នើសុំសម្តេចធិបតី គាំទ្រដល់សាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការបន្តកិច្ចសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរតទៅទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងកី្តសោមនស្សរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យ Ishizawa Yoshiaki សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ សម្តេចធិបតី បានអរគុណលោកសាស្ត្រាចារ្យ និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានចូលរួមជួលជុល អភិរក្សប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលនេះគឺជាកាយវិការនៃសេចក្តីស្រលាញ់តាមរយៈសកម្មភាពជាក់ស្តែង ក្នុងការជួយអភិរក្ស និងថែរក្សាប្រាង្គប្រាសាទទាំងនោះឱ្យនៅឋិតឋេរចីរកាលតទៅ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកសាស្ត្រាចារ្យផងដែរថា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ ពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សមរណីយដ្ឋានអង្គរ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដោយប្រកាន់នូវទស្សនាទាន «អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស»។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលអាណតិ្តទី៧ នៅតែបន្តកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការជួសជុលប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយផ្តល់ការសម្របសម្រួលនានា សំដៅធ្វើយ៉ាងណាឱ្យកិច្ចការងារនេះដំណើរការទៅបានដោយរលូន៕