(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានទទួលជួបពិភាក្សាការងារជាមួយលោក Homan Sentoni Tandijono ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក MG, Maxus, ម៉ូតូ Royal Enfield និង Peugeot Motorcycle។

ក្នុងជំនួបដែលធ្វើឡើងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ គឺបានផ្តោតសំខាន់លើការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើននៅកម្ពុជា ដើម្បីពង្រឹងកិច្ចការពារបរិស្ថាន និងថាមពលបៃតង ហើយក៏ពិភាក្សាអំពីគម្រោងនៃការដំឡើងស្ថានីយសាករថយន្តអគ្គិសនីសម្រាប់ពេលអនាគត។ ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន TF Motors Cambodia ក៏បានប្រគល់ជូននូវឧបករណ៍សាកថាមពលយានយន្តអគ្គិសនី ចំនួន ១គ្រឿង ជូនក្រសួងដើម្បីប្រើប្រាស់តាមការចាំបាច់ផងដែរ។

លោក Homan Sentoni Tandijono បានថ្លែងថា «កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្ពស់ក្នុងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យយានយន្តអគ្គិសនី ដោយសារតែមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ដែលបានជំរុញការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាការបង្កើនចំនួនស្ថានីយបញ្ចូលថាមពលឱ្យបានច្រើនបន្ថែមទៀត នៅតាមបណ្តា រាជធានី-ខេត្ត»។

លើសពីនោះរាជរដ្ឋាភិបាលក៏ស្វាគមន៍វិស័យឯកជនក្នុងការវិនិយោគ និងអភិវឌ្ឍបន្ថែមទៀតលើឆ្នាំងសាករថយន្តអគ្គិសនីឱ្យបានកាន់តែច្រើន ដើម្បីជាមធ្យោបាយងាយស្រួល និងជាការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យក្រឡេកមកប្រើប្រាស់រថយន្តអគ្គិសនីដែលផ្តល់នូវការសន្សំសំចៃខ្ពស់ជាមួយនឹងការវិនិយោគរយៈពេលវែងសម្រាប់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជន។

លោកបន្ដថា ដូចនេះគឺស្របពេលដែរក្រុមហ៊ុន MG បានកំពុងនាំចូលនូវរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ, មានមជ្ឈមណ្ឌលថែទាំនិងជួសជុលផ្ទាល់ខ្លួនជាមួយនឹងឧបករណ៍ស្តង់ដារសម្រាប់រថយន្តអគ្គិសនី, រយៈចម្ងាយបើកបរបានឆ្ងាយ, រថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដ៏ឆ្លាយវៃ និងមានការធានារយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000Km ដែលផ្តល់ទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់។ ជាពិសេស MG ក៏ផ្តល់ជូននូវការដំឡើងឆ្នាំងសាកនៅតាមផ្ទះដោយឥតគិតថ្លៃដល់អតិថិជនទាំងអស់ ដែលបានទិញរថយន្តអគ្គិសនី MG ពីក្រុមហ៊ុនចែកចាយផ្លូវការរបស់ MG Cambodia។ នេះគឺជាសញ្ញាល្អ និងជាជម្រើសដ៏ប្រសើរ ដើម្បីលើកទឹកចិត្តនិងជម្រុញឱ្យប្រជាជនយើងងាកមកប្រើប្រាស់រថយន្តអគ្គិសនី។

ក្នុងឱកាសនោះដែរលោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ បានខិតខំជំរុញការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាការបង្កើនចំនួនស្ថានីយបញ្ចូលថាមពលឱ្យបានច្រើនបន្ថែមទៀត នៅតាមបណ្តា រាជធានី-ខេត្ត។ ខណៈដែលបច្ចុប្បន្ននេះគឺមានស្ថានីយសាករថយន្តអគ្គិសនីចំនួន 18ទីតាំង ហើយមានប្រភេទក្បាលសាកស្តង់ដារចំនួន 3គឺ CCS2 ជាប្រភេទស្តង់ដារអន្តរជាតិ, GB/T ជាស្តង់ដារប្រទេសចិន និង CCS1 ជាស្តង់ដារអាមេរិក។

លោកបានបញ្ជាក់ថា ជំនួបកិច្ចពិភាក្សាការងារ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TF Motors Cambodia នឹងក្លាយជាបណ្តាញទំនាក់ទំនងដ៏ល្អដើម្បីបន្តក្នុងការអភិវឌ្ឍន៏រថយន្តអគ្គិសនីស៊េរីថ្មីៗ និងការលើកទឹកចិត្តដល់ប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដែលកាន់តែសន្សំសំចៃ និងជួយដល់បរិស្ថានដើម្បីសុខភាពមនុស្សគ្រប់គ្នា។

ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានសម្ដែងការសប្បាយចិត្ដ ពេលទទួលបានគ្នា ជួយលើកស្ទួយឱ្យមានប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើននៅកម្ពុជា ពិសេសបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍន៍ស្ថានីយសាករថយន្តអគ្គិសនី ដើម្បីបង្កើតភាពងាយស្រួលដល់ម្ចាស់រថយន្តអគ្គិសនី៕