(កែប)៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប។

លោករដ្ឋមន្ត្រី បានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ល្អៗប្រកបដោយខ្លឹមសារអត្ថន័យ ដើម្បីបានជាគន្លឹះក្នុងការអនុវត្តការងារបន្ត ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមចក្ខុវិស័យកំណែទម្រង់របស់ក្រសួង ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងគន្លឹះអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនាពេលកន្លងទៅ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានគូសរំលេចលើការពង្រឹងរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងវិន័យនៅក្នុងអង្គភាព ការថែរក្សាវប្បធម៌សាមគ្គីភាព និងកិច្ចសហការផ្ទៃក្នុង ព្រមទាំងការពង្រឹងសមត្ថភាពមន្ត្រីឱ្យចំគោលដៅ ពិសេស លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការចូលរួមផ្សព្វផ្សាយបន្តនូវសមិទ្ធផលដែលសម្រេចបាន។

លោករដ្ឋមន្ត្រី បានបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់មន្ត្រីដែលមានស្នាដៃ និងផ្តល់ជូននូវសម្ភារ ផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ មួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ និងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់កិត្តិយសថតរូបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទុកជាអនុស្សាវរីយផងដែរ៕