(ភ្នំពេញ)៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងទៅកាន់ លោក ចាង យុនហ្គន់ (Jang Yun Gon) ថា ជំហររបស់កម្ពុជា គាំទ្រឲ្យឧបទ្វីបកូរ៉េ ដោះស្រាយបញ្ហាតាមរយៈការចរចា ប្រកបដោយសន្ដិវិធី សន្ដិភាព និងគោរពតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។
ការថ្លែងរបស់សម្ដេច សាយ ឈុំ ត្រូវបានធ្វើឡើង ក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក ចាង យុនហ្គន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នាវិមានព្រឹទ្ធសភា។ សម្ដេច សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ជំហររបស់កម្ពុជា ក្នុងការគាំទ្រឲ្យមានដំណោះស្រាយតាមរយៈការចរចាប្រកបដោយសន្តិវិធី និងសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ និងគោរពតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ ក៏បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយលោកបានកត់សម្គាល់ថា សភាពការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន មានស្ថិរភាព សន្តិសុខ និងសន្តិភាពពេញលេញ ដែលជាកាលានុវត្តភាពសម្រាប់ទាក់ទាញវិនិយោគិនបរទេស និងទេសចរណ៍ មកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។
ក្នុងឱកាសនោះដែរ សម្ដេច សាយ ឈុំ ជឿជាក់ថា បេសកកម្មការទូតនេះ នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរ នូវទំនាក់ទំនងការទូត សហប្រតិបត្តិការល្អ រវាងប្រជាជន និងប្រទេសទាំងពីរ។ ជាងនេះទៅទៀត ប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ពីស្ថានភាពកម្ពុជា ដែលបានកំពុងបន្តដំណើរទៅមុខតាមមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយសេដ្ឋកិច្ចកម្ពុជានៅតែបន្តរីកចម្រើនជាបន្តបន្ទាប់ពីឆ្នាំ២០១០រហូត ដល់ឆ្នាំ២០១៥ សម្រេចបានកំណើនជាមធ្យម៧%។ សម្រាប់ឆ្នាំ២០១៦ ការព្យាករកំណើនសេដ្ឋកិច្ចរំពឹងថាកម្ពុជា នឹងសម្រេចបានក្នុងរង្វង់៧% ហើយផលិតផលសរុបក្នុងស្រុក សម្រាប់មនុស្សម្នាក់រំពឹងនឹងទទួលបាន១,៣០១ដុល្លារ។
សម្ដេចបន្ដថា កម្ពុជាខិតខំសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអាត្រាជាង១%ក្នុងមួយឆ្នាំ ហើយក្នុងឆ្នាំ២០១៦ កម្ពុជានឹងចាកចេញផុតពី ចំណាត់ថ្នាក់ពីប្រទេស ដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។ បន្ថែមពីនេះ កម្ពុជាបានខិតខំសម្រេចឲ្យ បាននូវចក្ខុវិស័យអភិវឌ្ឍរបស់ខ្លួន ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ជាចុងក្រោយ សម្ដេច សាយ ឈុំ ឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានបន្តអនុវត្តកម្មវិធីកំណែទម្រង់ឲ្យមានលក្ខណៈស៊ីជម្រៅរួមមាន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ការកែទម្រង់វិមជ្ឈការ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ការកែទម្រង់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕