(ភ្នំពេញ)៖ លោក សាន សុភ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនបុរសជាម្ចាស់ផ្ទះម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់នៅក្នុងបរិវណផ្ទះរបស់ខ្លួន ស្ងិតក្នុខណ្ឌទួលគោក រាជធានីភ្នពេញ។ នេះបើយោងតាមមន្ត្រីនគបាលយុត្តិធម៌ បានបណ្តាញអ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០ព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (បណ្ដាលឲ្យមនុស្សស្លាប់) កើតហេតុនៅចំណុចផ្ទះជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង៣០នាទីទាបភ្លឺ។

ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនមានឈ្មោះ អាន វណ្ណនី មុខរបរ ជាងភ្លើង និងអ្នកដឹកជញ្ជូនឥវ៉ាន់ ស្នាក់នៅជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ម្ចាស់ផ្ទះ)។

ចំណែកជនសង្ស័យដែលស្លាប់ ហើយសង្ស័យថាជាចោរលួចទ្រព្យសម្បត្តិនោះ មានឈ្មោះ កន វឿន មុខរបរដើររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕