(ភ្នំពេញ)៖ ការអានសៀវភៅ គឺជាតម្រូវការដ៏ចាំបាច់របស់ខួរក្បាល និងមានឥទ្ធិពលជាទីបំផុតនៅគ្រប់សម័យកាល។ ប្រសិនបើអ្នកអានច្រើន អ្នកនឹងដឹងច្រើន អ្នកអានច្រើនអ្នកនឹងឆ្ងល់ច្រើន អ្នកអានច្រើនអ្នកនឹងអនុវត្តបានច្រើន  អ្នកអានច្រើនអ្នកនឹងអភិវឌ្ឍខ្លួនទៅមុខ។

តើការអានពិតជាសំខាន់មែនទេសម្រាប់យុវជន និងមានអត្ថន័យយ៉ាងណា?។

តាមការផ្តល់សម្ភាសន៍ជាមួយអ្នកភា្នក់ងារព័ត៌មាន Fresh News នៅទីតាំងស្តង់ពិព័រណ៌សៀវភៅលើកទី១០ នៅកោះពេជ្រ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ កញ្ញា ប្រាក់ ទិត្យកន្និកា ជានិស្សិតឆ្នាំទី១ មកពីខេត្តសៀមរាប បានថ្លែងថា «ខ្ញុំគិតថា ការអានសៀវភៅជាទម្លាប់ល្អ ហើយខ្ញុំឃើញយុវជនយើងអីឡូវចាប់ផ្តើមចូលចិត្កការអានសៀវភៅ និងមានការរីកចម្រើនខ្លាំងចំពោះការអានសៀវភៅ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត សម័យឃើញយុវជនភាគច្រើនលេងតែទូរស័ព្ទ លេងហ្គេម អញ្ចឹងដែលអាចធ្វើឱ្យការអានធ្លាប់ចុះ ប៉ុន្តែ ពេលខ្ញុំមក ខ្ញុំឃើញសុទ្ធតែយុវជនយើងចូលចិត្តអានសៀវភៅ»

កញ្ញា ប្រាក់ ទិត្យកន្និកា បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញយុវជនខ្មែរជាច្រើនបាននាំគ្នាមកទិញសៀវភៅដែលម្ចាស់ស្នាដៃយកតាំងពិព័រណ៌នៅកោះពេជ្រនេះ។ សម្រាប់កញ្ញាផ្ទាល់ សប្បាយចិត្តជាខ្លាំង ដែលបានឃើញសៀវភៅដែលខ្លួនចូលចិត្តអានត្រូវយកតាំងបង្ហាញ ក៏ដូចជាលក់នៅឱកាសតាំងពិព័រណ៌សៀវភៅលើកទី១០នេះ។

កញ្ញា នាគ ពុធច័ន្ទធាវី ជាអតីតសិស្សប្រឡប់ជាប់បាកឌុប មកពីស្រុកជុំគិរី ខេត្តកំពត ឱ្យដឹងថា ការរៀបចំតាំងពិព័រណ៌សៀវភៅលើកទី១០ នៅកោះពេជ្រនេះ ជាការផ្តល់ឱកាសដល់អ្នកដែលចូលចិត្តការអានសៀវភៅ ជាពិសេសបានបង្ហាញពីស្នាដៃរបស់អ្នកនិពន្ធជាច្រើននៅកម្ពុជា។

កញ្ញា នាគ ពុធច័ន្ទធាវី បានបន្តថា ការមកឃើញសៀវភៅជាច្រើនតាំងបង្ហាញនៅទីនេះនឹងធ្វើឱ្យយុវជនជាច្រើនកាន់តែមានគំនិតក្នុងការអានសៀវភៅបន្ថែមទៀត។ ប្រសិនបើគ្មានការតាំងបង្ហាញជាសាធារណៈនោះទេ ដូច្នេះ យុវជនអាចនឹងមិនមានទឹកចិត្ត ឬគំនិតអ្វីថ្មីបន្ថែមទៀតក្នុងការអានសៀវភៅដែលទើបនឹងសរសេរថ្មីនោះទេ។

«ខ្ញុំចង់ឱ្យយុវជនទាំងអស់គ្នា ចំណាយពេលវេលាឱ្យបានច្រើនលើការអានសៀវភៅ ដោយសារការអានសៀវភៅ វាល្អជៀសជាងយើងពេលវេលាធ្វើរឿងមិនល្អ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់កញ្ញា នាគ ពុធច័ន្ទធាវី។

និស្សិត ឃឿន វីរ៉ាយុត្តិ បង្ហាការសប្បាយរីករាយពេលមកឃើញសៀវភៅដែលខ្លួនកំពុងស្វែងរក នៅទីតាំងពិព័រណ៌សៀវភៅលើកទី១០នេះ ក្នុងនាមជាអ្នកចូលចិត្តការអានសៀវភៅម្នាក់។

កញ្ញា ប្រាក់ ទិត្យកន្និកា ជាអតីតសិស្សប្រឡងជាប់បាក់ឌុប មកពីខេត្តសៀមរាប បានបង្ហាញការសប្បាយរីករាយ ដែលមានការរៀបចំតាំងពិព័រណណ៌សៀវភៅលើកទី១០ នេះ ខណៈការអានសៀវភៅ ច្រើននឹងបង្កើនចំណេះដឹង ជាពិសេសពាក្យពេចន៍មួយចំនួនដែលមិនសូវបានលឺ និងអានពីមុនមកជាដើម។

«ឱ្យតែមានការរៀចំតាំងពិព័រណ៌សៀវភៅម្តង ដឹងតែចូលរួមហើយ ការអានសៀវភៅច្រើន មានអត្ថប្រយោជន៍ច្រើន ការអានសៀវភៅអានមើលឃើញរូបភាព និងអត្ថន័យផុសក្នុងខួរក្បាលយើង»។ នេះជាលើកឡើងបន្ថែមរបស់កញ្ញា ប្រាក់ ទិត្យកន្និកា។

កញ្ញាបានបញ្ជាក់ថា ក្រៅពីការអានសៀវភៅ ការមើលវីដេអូល្អៗ វាក៏ជាផ្នែកមួយនៃការអភិវឌ្ឍចំណេះដឹងផងដែរ។ សម្រាប់ការអានសៀវភៅ ជាចំណុចសំខាន់ដើម្បីគាំទ្រដល់ស្នាដៃអ្នកនិពន្ធជាដើម៕