(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបសំណោះសំណាលជាមួយយុវជនស្ម័គ្រចិត្ត នៃកម្មវិធីពិពរណ៍ផ្សារហ៊ុនកម្ពុជា ២០២៣។

ក្នុងឱកាសជួបសំណេះសំណាលនេះ អគ្គនាយកផ្សារហ៊ុន បានថ្លែងអំណរគុណដល់យុវជនជិត ១០០នាក់ ដែលបានស្មគ្រចិត្តចូលរួមរៀបចំកម្មវិធីពិរណ៍ផ្សារហ៊ុន ដែលទទួលបានលទ្ធផលយ៉ាងជោគជ័យត្រចះត្រចង់ និងបានផ្ដាំផ្ញើរឿង ៧យ៉ាង ដល់យុវជនទាំងនេះ៖

១៖ បើទោះមានរឿងអ្វីកើតឡើងក្នុងជីវិត សូមកុំបន្ទោសអ្នកណាទាំងអស់។ រឿងគ្រប់យ៉ាង ដែលបានកើតឡើង គឺ មានចំណែកទទួលខុសត្រូវរបស់ខ្លួនឯង ។ បើវាបានកើតឡើងហើយ ត្រូវប្រឈមមុខដោះស្រាយដោយស្វាហាប់ ជាជាងជាប់ផុងក្នុងការចង្អុលមុខគេ ឬការអស់សង្ឃឹម។

២៖ ជានិច្ចកាល សូមធ្វើឱ្យប្រសើរជាងមុន។ បើម្សិលម៉ិញ ធ្វើបានលទ្ធផលល្អ ១០០ តើថ្ងៃនេះ អាចធ្វើឱ្យបានលទ្ធផល ១០១ ឬទេ? បើថ្ងៃមុន ចំណាយ ១០០ ដើម្បីផលិតអ្វីមួយ តើថ្ងៃនេះ អាចធ្វើឱ្យចំណាយថយចុះមក ៩៩ ឬទេ?។ល។

៣៖ ធ្វើការងារគ្រប់យ៉ាង ទោះជាបុគ្គលិកគេក៏ដោយ ឬជាអាជីវកម្មផ្ទាល់ខ្លួនក៏ដោយ សូមធ្វើដោយដាក់បេះដូង និងធ្វើឱ្យអស់ពីចិត្ត។ បើបែបនេះបាន សុខភាពផ្លូវចិត្តនឹងល្អហើយលទ្ធផលការងារក៏ប្រសើរ។

៤៖ បើអំណត់ព្យាយាម ធ្វើអ្វីៗគង់នឹងបានសម្រេច ដោយចៀសវាងការឆាប់បោះបង់ ឬការតក់ក្រហល់។

៥៖ សូមកុំចង់មានម្នាក់ឯង។ បើទទួលបានភាពមានបានហើយ សូមឱ្យអ្នកដទៃក្នុងសង្គម អាចទទួលបានផលខ្លះពីភាពមានបានរបស់អ្នក តាមរយ:ការធ្វើទាន ឬការជួយគាំទ្រនានា។ សូមរៀនចោទសួរខ្លួនឯងថា កម្ពុជា មានអ្នក តើមានអ្វីខុសប្លែក?

៦៖ ត្រូវរៀនធ្វើចិត្តជា «មុទិតា» គឺការត្រេកអរចំពោះភាពរីកចម្រើនរបស់អ្នកដទៃ ដោយចៀសវាងនូវការច្រណែន ឬផ្ដន្ទាផ្សេងៗ។

៧៖ សូមរៀនវិនិយោគរយ:ពេលវែង ដើម្បីបង្កើតនូវប្រភពចំណូលបន្ថែម និងចៀសវាងនូវការធ្លាក់ចុះនៃកម្រិតជីវភាព នៅពេលចូលនិវត្តន៍ ឬពេលមានវិបត្តិអ្វីមួយកើតឡើង៕