(ព្រះសីហនុ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អនុវត្ត និងលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណជន និងទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំអគ្គលេខាធិការរដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកព្រៃនប់ ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជា បានធ្វើបច្ចុប្បន្នពីការងារផ្សព្វផ្សព្វផ្សាយគ្រឿងញៀនតាមរយ:ថ្នាក់ដឹកនាំ និងគ្រូគង្វាលដែល បានធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកាលពីពេលកន្លងមក ក្នុងពិធីបុណ្យណូអែល និងអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៣ ចូល២០២៤ និងពិសារអាហារក្តីស្រឡាញ់រួមគ្នាជាមួយគ្រីស្ទបរិស័ទ ក្នុងខេត្តព្រះសីហនុ ដែលមានអ្នកដឹកនាំ និងគ្រូគង្វាលបង្គោលចូលរួមសរុបចំនួន ២៥០នាក់។

លោកគ្រូគង្វាល ហម គីលី ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជាសាខាខេត្តព្រះសីហនុ បានស្វាគមន៍ និងបានឆ្លៀតលើកពីរបាយការណ៍នៃការចូលរួមគ្រីស្ទបរិស័ទ ក្នុងការងារចូលរួមជួយការងារផ្សព្វផ្សាយពីបញ្ហា គ្រឿងញៀនដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងនាមលោក គួច ចំរើន អភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ, លោកបណ្ឌិត អ៉ី ធារិន បានលើកពីការរីកចម្រើនរបស់ស្រុកព្រៃនប់ក្រោមម្លប់សន្តិភាព និងថ្លែងអំណរគុណ លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជា ពិសេសសាខាខេត្តព្រះសីហនុ ដែលបានចូលរួមការងារជួយសង្គមសំដៅថែរក្សាបាននូវសន្តិភាព និងសុខដុមនីយកម្មសាសនាស្របតាមមាគ៌ារបស់រាជរដ្ឋាភិបាល ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំ ពិសេសនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតដល់អាជ្ញាធរស្រុកព្រៃនប់ ឃុំ និងគ្រប់វិស័យសាសនាក្នុងនោះមានគ្រីស្ទសាសនានៅខេត្តព្រះសីហនុ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំមកសុខសន្តិភាព និងចូលរួមកាត់បន្ថយបាននូវបញ្ហាគ្រឿងញៀននៅសហគមន៍ និងសំណូមពរសូមបន្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគ្រប់លទ្ធភាព មធ្យោបាយ ដើម្បីឆ្ពោះទៅសម្រេចបាននូវឆន្ទះរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា៕