(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាស្ដីពី "ការឆ្លុះបញ្ចាំងលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣" នៃគម្រោង ACSEP សមាសភាគទី១។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP PIU1 អមដោយលោកស្រី Marishka Etrata តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រធានផ្នែកនៃគម្រោង ACSEP PIU1 នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្តាប់នូវរបាយការណ៍ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់អង្គភាពពាក់ព័ន្ធ ជាពិសេសស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ ក្នុងដំណើរការអនុវត្តគម្រោងពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការផ្នែកឥណទានក្នុងឆ្នាំ២០២៣ ដើម្បីឈានទៅរកដំណោះស្រាយសមស្របរួមគ្នាមួយសម្រាប់ការរៀបចំយុទ្ធសាស្រ្តអនុវត្ត ឱ្យបានល្អប្រសើរជាងនេះ សម្រាប់ឆ្នាំ២០២៤។

សិក្ខាសាលានេះ មានការចូលរួមពីសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ ក.ស.ហ.វ., តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕