(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង និងជាប្រធានការិយាល័យ បានធ្វើការឃាត់ខ្លូនជនជាតិប៉ាគីស្ថាន២នាក់ បន្ទាប់ពីបានធ្វើសកម្មភាពនាំជនរងគ្រោះ៤នាក់ ទៅក្រៅប្រទេស នៅយប់ថ្ងៃ២១ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចមុខផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រូលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្ដថា ជនជាតិប៉ាគីស្ថាន ទាំង២នាក់នេះ ទី១-ឈ្មោះ NIAZ AHMED អាយុ៥៥ឆ្នាំ និងទី២-ឈ្មោះ YAZEF AHMED អាយុ២៤ឆ្នាំ ក្នុងមានជនរងគ្រោះ៤នាក់ផងដែរ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់នេះរួចហើយ កម្លាំងជំនាញបានធ្វើការសាកសួរ និងស្រាវជ្រាវបន្ដ លុះដល់ថ្ងៃទី២២ ខែសីហាម្សិលមិញនេះ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តត្បួងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ បិន ញ៉ ភេទស្រី អាយុ ៧២ឆ្នាំ នៅចំណុចឃុំរការព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នការិយាល័យកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះ៤នាក់ (ប្រុសម្នាក់) អប់រំឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕