(ភ្នំពេញ)៖ នគរបាលស័ក្ដិ៤ នៅអង្គភាពតម្រួតបទបញ្ជាម្នាក់ បានបាញ់សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ណយ ផារ៉ា អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីនគរបាលតម្រួតបទបញ្ជា ឋានន្តរស័ក្ដិវរសេនីយ៍ត្រី តួនាទីនាយផ្នែកម៉ូតូប្រដេញ មានប្រពន្ធមានឈ្មោះ ងិន សុលីតា អាយុ៣៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ និងមានកូន២នាក់។ ជនរងគ្រោះមានស្រុកកំណើតនៅភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយស្នាក់នៅផ្ទះកើតហេតុខាងលើ។

នៅវេលាម៉ោងជាង ១០យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ប្រពន្ធបានទូរស័ព្ទរកព្រោះតែយប់ជ្រៅ ហើយមិនទាន់ឃើញគាត់ត្រឡប់ចូលដល់ផ្ទះទៀត ប៉ុន្តែពេលនោះតេអត់ចូលសោះ។ ប្រពន្ធក៏ចេះតែចាំមើលផ្លូវ លុះក្រោយមកទើប ឃើញគាត់ទៅដល់ផ្ទះស្ថិតក្នុងស្ថានភាពស្រវឹង បន្ទាប់មកក៏មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធមួយប្រាវ មិនតែប៉ុណ្ណោះ បុរសនេះបានចោទប្រពន្ធថា មានសហាយ ហើយក៏ត្រូវប្រពន្ធដេញ និងរុញចេញឲ្យដេកក្រៅផ្ទះ។

ក្រោយមក បុរសនេះក៏បានដេកលក់នៅលើសាបមុខផ្ទះ រហូតដល់វេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ពេលឃើញបែបនេះប្រពន្ធក៏បានយកទឹកទៅជះឲ្យភ្ញាក់ រួចបើកទ្វារហៅឲ្យចូល ទៅដេកក្នុងផ្ទះវិញ។ ខណៈនោះគ្រាន់តែដើរចូលដល់ក្នុងផ្ទះភ្លាម បុរសនេះក៏ដកកាំភ្លើងខ្លីម៉ាក NP42.9 បាញ់ក្បាលខ្លួនឯង១គ្រាប់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិវ័យ ហើយបានរកឃើញថា បុរសនោះពិតជាបាញ់សម្លាប់ខ្លួនឯងមែន ហើយក្រុមគ្រួសារបាននាំយកសពទៅធ្វើបុណ្យនៅឯស្រុកកំណើត៕