(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលបានប្រព្រឹត្ដទៅនៅសណ្ឋាគារហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អនុសាសន៍ក្រុមប្រតិបត្តិទាំងថ្នាក់កណ្តាល និងសាខា ក្នុងការកំណត់ទិសដៅការងារដូចតទៅ៖

ទី១៖ ត្រូវបន្តពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ជាមួយក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន សហគមន៍មូលដ្ឋាន និងចលនាយុវជននានា ដែលធ្វើសកម្មភាពសង្គមគាំទ្រកម្លាំងមនុស្សធម៌។

ទី២៖ ថ្នាក់កណ្តាល និងសាខា ត្រូវនាំគ្នាចូលរួមអនុវត្តសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ និងត្រូវរៀបចំផែនការ និងទិសដៅការងារ ឲ្យស្របទៅតាមបរិបទជាតិ ក្នុងស្មារតីពង្រឹងភាពម្ចាស់ការ ការទទួលខុសត្រូវឲ្យកាន់តែខ្ពស់ ប្រកបដោយគុណភាព ប្រសិទ្ធភាពផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

ជាមួយគ្នានេះ ត្រូវតែនាំគ្នាលើកកម្ពស់ការពង្រឹងតួនាទីស្នូលរបស់យុវជន ដោយត្រូវមានផែនការជាក់លាក់ ក្នុងការពង្រឹង និងពង្រីកក្លឹបយុវជនកាកបាទក្រហមកម្ពុជា ឲ្យបន្តស្ថិតនៅជាក្លឹបយុវជនមួយ ដែលមានស្តង់ដារ និងសកម្មក្នុងការចូលរួមចែករំលែកចំណេះដឹង/ផ្លាស់ប្ដូរបទពិសោធន៍, មិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត ក្នុងការសិក្សា, ក្នុងការបណ្តុះថ្នាលឌីជីថល និងក្នុងការកសាង/ពង្រឹងសមត្ថភាពយុវជន ក្នុងភាពជាអ្នកដឹកនាំប្រកបទៅដោយគុណធម៌ សីលធម៌ ចរិយាធម៌ និងមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ចូលរួមដោះស្រាយបញ្ហាប្រឈមថ្មីជាសកល ដូចជា ការប្រែប្រួលអាកាសធាតុការកសាង ភាពធន់សហគមន៍ ការលើកកម្ពស់បរិស្ថានល្អ បរិស្ថានបៃតង និងលើកកម្ពស់សុខភាពសាធារណៈជាដើម។

ទី៣៖ សូមចូលរួមទាំងអស់គ្នា ក្នុងការផ្តោតសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម អនុវត្តផែនការអភិវឌ្ឍបៃតងកាត់បន្ថយ ការប្រើថង់ប្លាស្ទិក ដើម្បីខ្យល់បរិសុទ្ធ សុខុមាលភាពសង្គម និងជីវភាពរស់នៅកាន់តែល្អប្រសើរ ឡើងថែមទៀត។

ទី៤៖ កាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងសាមគ្គីភាព, កសាង និងបង្កើនសមត្ថភាពអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកឱ្យកាន់តែសកម្ម នៅក្នុងការបន្តពង្រឹងភាពធន់សហគមន៍ និងក្នុងការពង្រីកការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន។

ទី៥៖ សូមមន្ត្រីម្នាក់ៗ បន្តយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើការជាក្រុម បង្កើនសមត្ថភាពឱ្យទាន់តម្រូវការថ្មីនៃបច្ចេកវិទ្យា និងអភិវឌ្ឍមូលធនមនុស្សពោល គឺត្រូវសិក្សាបង្កើនចំណេះដឹង មានជំនាញវិជ្ជាជីវៈ មានសុខភាពល្អរឹងមាំ រស់នៅស្អាត មានអនាម័យ និងសីលធម៌ល្អ។

ទី៦៖ ជាមួយនឹងការបន្តខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមអំពាវនាវដល់បងប្អូនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តគាំទ្រដល់បេសកកម្ម របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ដើម្បីកសាងសហគមន៍មានភាពធន់, ប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពរស់នៅល្អប្រសើរ មានសុខភាពល្អ ចាប់ពីបុគ្គលម្នាក់ៗ ទៅគ្រួសារមួយ រហូតដល់សង្គមជាតិទាំងមូល។

សូមជម្រាបថា អង្គមហាសន្និបាតនេះ មានការអញ្ជើញចូលរួមជាសមាសភាពពេញសិទ្ធិចំនួន ១៩៤នាក់ ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ប្រតិភូតំណាងសាខាទាំង២៥ រាជធានី-ខេត្ត, អ្នកស្ម័គ្រចិត្តទាំង ១៤ អនុសាខាក្នុងរាជធានីភ្នំពេញ និងប្រធានកិត្តិយស ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ៕