(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីណែនាំ ដល់បេក្ខជនក្នុងពេលប្រឡង ប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា បេក្ខជនចូលរួមការប្រឡងប្រជែង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវគោរព និងអនុវត្តតាមការណែនាំដូចតទៅ៖

* ត្រូវចូលមកមណ្ឌលប្រឡង ដោយយកភ្ជាប់ជាមួយនូវសលាកបត្រឯកត្តជន អត្តសញ្ញាណប័ណ្ណ ឬ ឆាយា(ព្រះសង្ឃ) ឬ លិខិត សម្គាល់ខ្លួន (ឬលិខិតបញ្ជាក់ផ្លូវការ) ព្រមទាំងប៊ិចខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង

* ហាមយកជាប់ជាមួយនូវឯកសារ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ (ទូរស័ព្ទ នាឡិកាឆ្លាត....)។ គណៈកម្មការរៀបចំ ការប្រឡងមិនទទួលខុសត្រូវ រក្សាទុកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទទេ (ទូរស័ព្ទ នាឡិកាឆ្លាត...)។

* ករណីមកយឺតម៉ោង «តិចជាង ១៥នាទី» បន្ទាប់ពីការចាប់ផ្តើមវិញ្ញាសា ត្រូវសុំការអនុញ្ញាតពីប្រធានមណ្ឌលប្រឡងជាមុនទើប អាចចូលប្រឡងបាន និងប្រគល់សន្លឹកកិច្ចការប្រឡងតាមម៉ោងកំណត់។ ការមកយឺតយ៉ាវលើស «១៥ នាទី» បន្ទាប់ពីការចាប់ ផ្តើមវិញ្ញាសា មិនអនុញ្ញាតឲ្យចូលប្រឡងដាច់ខាត។

* អវត្តមានមិនបានប្រឡងវិញ្ញាសាណាមួយ នឹងមិនត្រូវបានអនុញ្ញាត ឲ្យប្រឡងវិញ្ញាសាបន្តបន្ទាប់ឡើយ។

* មិនត្រូវចូលបន្ទប់ប្រឡងមុនពេលហៅឈ្មោះ ត្រូវអង្គុយតាមលេខតុដែលបង្ហាញ ត្រូវសរសេរឈ្មោះ និងលេខតុលើក្បាលសន្លឹក កិច្ចការប្រឡងតាមការណែនាំរបស់អនុរក្ស និងប្រគល់សន្លឹកកិច្ចការប្រឡងដល់អនុរក្សវិញ ទោះបីជាក្រដាសប្រឡងគ្មានសរសេរចម្លើយ ឬដំណោះស្រាយអ្វីក៏ដោយ។ ការមិនប្រគល់សន្លឹកកិច្ចការប្រឡងដល់អនុរក្ស ចាត់ទុកអវត្តមាន។

* មិនត្រូវសរសេរក្នុងសញ្ញាខ្វែងនៃគ្រប់ទំព័រសន្លឹកកិច្ចការប្រឡង និងមិនត្រូវធ្វើគំនូសសញ្ញាធ្វើឲ្យដឹងអាគតដ្ឋាន នៃសន្លឹកកិច្ចការប្រឡងឡើយ។

* មិនត្រូវធ្វើសកម្មភាពលួចចម្លងតាមគ្រប់រូបភាព ប៉ុនប៉ងលួចចម្លង ឬចែករំលែកព័ត៌មានដល់អ្នកដទៃ។

បេក្ខជនត្រូវដឹងអំពីសញ្ញាជួង៖
* ជួងទី១៖ ចូលបន្ទប់ប្រឡងបំពេញក្បាលសន្លឹកកិច្ចការប្រឡង
* ជួងទី២៖ ចាប់ផ្តើមធ្វើវិញ្ញាសា
* ជួងទី៣៖ រំឭកថានៅសល់ ១៥នាទីទៀត ដល់ម៉ោងត្រូវប្រមូលសន្លឹកកិច្ចការប្រឡង
* ជួងទី៤៖ ប្រគល់សន្លឹកកិច្ចការប្រឡង ឲ្យអនុរក្សជាកំហិត។

បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំខាងលើ ឬគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយស បូរណភាពរូបរាងកាយមន្តី្រ មានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់ មិនឲ្យប្រឡងជាបន្ទាន់ ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់មិនឲ្យចូលរួមប្រឡងប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន៕