(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ពោលគឺជាថ្ងៃទី២ នៃការរៀបចំតាំងពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» នៅកោះពេជ្រ។

ជាក់ស្តែងនៅថ្ងៃទី២នេះ គឺមានយុវជនវ័យក្មេងភាគច្រើននៃចំនួនអ្នកមកទស្សនា ក៏ដូចជាដើម្បីស្វែងរកសៀវភៅសម្រាប់អាន គឺជាយុវជនដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុ) ឆ្នាំ២០២២-២០២៣។

តាមរយៈការធ្វើបបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News ដែលចុះទៅដោយផ្ទាល់នៅតាំងពិព័រណ៌សៀវភៅ នៅក្នុងកោះពេជ្រនៅរសៀលថ្ងៃទី១៥ ខែធ្នូនេះ គឺយុវជនភាគច្រើនជាសិស្សដែលទើបប្រឡងជាប់បាក់ឌុប សម្រាប់មកទីតាំងពិព័រណ៌សៀវភៅនេះ ពួកគេបានបញ្ជាក់ស្រដៀងៗគ្នាថា ការអានសៀវភៅនឹងធ្វើឱ្យការគិតរបស់គេមានភាពរហ័សរហួន និងចេះអក្សរសាស្ត្រខ្មែរកាន់តែច្រើនឡើងបន្ថែមទៀត។

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ មានគោលដៅដូចជា៖

* ផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ ទាំងស្នាដៃនិពន្ធចាស់ ថ្មី ដើម្បីមានទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស
* ជំរុញឲ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅដើម្បីបញ្ជូនជាសារមួយជូនដល់យុវជនឲ្យស្គាល់តម្លៃនៃការអានអភិវឌ្ឍន៍ចំណេះដឹង បង្កើនគំនិតសិក្សា និងការងារ
* បង្កើនវិធីនិទានរឿងរូបភាពផ្សេងៗ ដ៏កុមារលើកទឹកចិត្តកុមារឲ្យស្រឡាញ់សៀវភៅ
* គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅក្នុងកម្ពុជា និងពិភពលោក
* លើកទឹកចិត្តដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវវិចិត្រករខ្មែរ ដើម្បីបង្កើនស្នាដៃថ្មីៗបន្ថែមទៀត។

សម្រាប់ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣នេះ បានត្រៀមស្ដង់រហូតទៅដល់ ៣០០ស្តង់ ប៉ុន្តែស្តង់ដែលបានចែកចាយអស់ត្រឹមតែ២២៨ ស្តង់ ស្តង់ដៃគូទំនាក់ទំនងមានចំនួន២០ស្តង់ សម្រាប់ស្តង់ស្ព័នស័រមានចំនួន ១២ ស្តង់។

បន្ថែមពីនេះ តាមស្ដង់នីមួយៗ ក៏មានការបញ្ចុះតម្លៃពិសេសរហូតដល់៥០% និងមានការចែកជូនសៀវភៅដោយឥតគិតថ្លៃ ព្រមទាំងកាដូពិសេសៗផងដែរ។ មិនតែប៉ុណ្ណោះ ពិព័រណ៍សៀវភៅកម្ពុជា ក៏បានរៀបចំសកម្មភាព លេងល្បែងកំសាន្តជាមួយនឹងអ្នកចូលរួមដើម្បីឈ្នះរង្វាន់ផ្សេងៗ ការប្រគំតន្ត្រី ដែលចូលរួមសម្ដែងដោយតារា ចម្រៀងល្បីៗ។ អ្នកចូលរួមអាចមកទិញសៀវភៅផង ជួបជាមួយអ្នកនិពន្ធផ្ទាល់ ជាវវត្ថុអនុស្សាវរីយ៍ជាមួយនឹងក្រុមការងារ និងបានថតរូបលេងកម្សាន្តផងដែរ។

សូមជម្រាបថា ប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ប្រធានបទនេះ គឺចាប់យកពាក្យរណ្ដំ ចំណាន ចំណាប់ ចំណេះ បានជាដាក់ពាក្យរណ្ដំ គឺងាយស្រួលចងចាំខ្លី «ចំណាន» ខ្លឹម «ចំណាប់» ខ្លាំង «ចំណេះ» ហើយហេតុផលដែលកំណត់យកប្រធានបទនេះ សរសេរមុនអាន គណៈកម្មការ បានជជែកគ្នា មុននឹងបានសៀវភៅមកអានត្រូវមានការសរសេរសិន អ្នកសរសេរអ្នកនិពន្ធ អ្នកបង្កើតស្នាដៃ បានចំណាន បានអ្នកអាននិងចំណាប់ គឺបង្កើនកម្រិតនៃអ្នកនិពន្ធ អ្នកនិពន្ធល្អ ធ្វើឱ្យអ្នកអានល្អ ចំណេះដឹងល្អ ធ្វើឱ្យសង្គមល្អ៕