(បាងកក)៖ តុលាការយោធាថៃ នៅព្រឹកថ្ងៃអង្គារនេះ បានចាប់ផ្តើមសវនាការទៅលើជនបរទេសពីររូប ដែលត្រូវបាន ចាប់ខ្លួនក្នុងករណីសង្ស័យថាបានដាក់បង្កៃគ្រាប់បែក នៅទីសក្ការៈបូជា Erawan កណ្តាលទីក្រុងបាងកក ដែលបាន សម្លាប់មនុស្ស ២០នាក់ និង ១២០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។
ជនជាប់ចោទទាំងពីរនាក់ខាងលើនេះ គឺជនជាតិភាគតិច Uighur មកពីប្រទេសចិន ត្រូវបានកងកម្លាំងសន្តិសុខ បញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃអង្គារ និង មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានណាមួយ សាកសួរពួកគេនោះឡើយ។ ពួកគេទាំងពីរនាក់មានឈ្មោះថា Mieraili Yusufu និង Bilal Mohammad បានដោះសារជាច្រើនដងរួចមកហើយ ចំពោះពាក្យចោទប្រកាន់កន្លងមក ហើយអំឡុងពេលធ្វើការបកស្រាយមុខតុលាការកាលពីពេលថ្មីៗកន្លងទៅនេះ ពួកគេបានសម្រក់ទឹកភ្នែក និងបានចោទអាជ្ញាធរថៃថា មិនបានថែទាំពួកគេឲ្យបានសមរម្យទៀតផង។
តាមពិតទៅ Mieraili Yusufu និង Bilal Mohammad គឺជាជនសង្ស័យពីរនាក់ក្នុងចំណោម ១៧នាក់ដែលរដ្ឋាភិបាល អះអាងថា បានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅ Erawan កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដែលបានបង្ក ឲ្យមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាននៅប្រទេសថៃ ក្នុងការពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ គួរបញ្ជាក់ថាក្នុង ចំណោមមនុស្សស្លាប់ចំរុះជាតិសាសន៍ទាំង ២០នាក់នោះ មាន១៤នាក់ជាភ្ញៀវទេសចរបរទេស៕