(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នៅកម្ពុជា» ដំណាក់កាលទី២ ក្រោមអធិបតីភាព លោក មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលដែលមានការពាក់ព័ន្ធនឹងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP), តំណាងអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រុមការងារកម្មវិធី Partnerships for Infrastructure (P4I) នៃរាជរដ្ឋាភិបាលអូស្រា្តលី និងតំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា។

លោករដ្ឋលេខាធិការបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងដោយទទួលបានការសហការគាំទ្រយ៉ាងពេញទំហឹង ដោយរាជរដ្ឋាភិបាលប្រទេសអូស្រ្តាលី តាមរយៈក្រុមការងារកម្មវិធី P4I ដើម្បីចែករំលែក ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក៍ដូចជាលើកកម្ពស់ការយល់ដឹងអំពី វដ្តនៃគម្រោង PPP, ច្បាប់ស្តីពី PPP, នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោង PPP, និងក្របខ័ណ្ឌនៃការអនុវត្តគម្រោង PPP ឱ្យបានពេញលេញ ជូនដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដែលជាតួអង្គសំខាន់ ក្នុងការអនុវត្តគម្រោងផ្ទាល់ នៅតាមក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងគោលបំណងបន្តកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គាំទ្រទៅដល់ការអភិវឌ្ឍ និងអនុវត្តគម្រោង PPP នៅកម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងប្រសិទ្ធភាព។

ជាមួយគ្នានេះ, លោករដ្ឋលេខាធិការ ក៏បានគូសរំលេចជូនអង្គសិក្ខាសាលាផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សសម្រាប់យន្តការ PPP នៅកម្ពុជា (Capacity Building Plan) ដែលរៀបចំឡើងក្រោមជំនួយបច្ចេកទេស ពីរដ្ឋាភិបាលអូស្ត្រាលី ក្រោមក្របខ័ណ្ឌកម្មវិធី P4I ដោយផ្អែកទៅលើការវិភាគលើតម្រូវការជាក់ស្តែង (Needs Assessment) ពាក់ព័ន្ធនឹងជំនាញ និងចំណេះដឹងលើយន្តការ PPP។

កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនេះ ត្រូវបានក្រុមការងារ P4I រៀបចំឡើងយ៉ាងលម្អិតដោយគ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃវដ្តគម្រោង PPP និងត្រូវបានឆ្លងកាត់ការប្រជុំពិភាក្សាជាបន្តបន្ទាប់ ដើម្បីពិនិត្យ កែសម្រួល និងផ្តល់យោបល់ ដោយប្រើប្រាស់រយៈពេលជិត ១ឆ្នាំ។

កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនេះមានចំនួន ៣ ដំណាក់កាល, ជាសមិទ្ធិផលតាមការគ្រោងទុកនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ P4I បានបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងស្ថាប័នរបស់ P4I សម្រាប់កម្មវិធីវគ្គបណ្តុះបណ្តាលដំណាក់កាលទី២។

កម្មវិធី វគ្គបណ្តុះបណ្តាលដំណាក់កាលទី២ បានបែងចែកជា ២កម្រិត ដោយក្នុងនោះ សម្រាប់កម្រិតថ្នាក់ដឹកនាំមានរយៈពេលកន្លះថ្ងៃគឺថ្ងៃទី ១២ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ និងសម្រាប់កម្រិតមន្រ្តីគ្រប់គ្រងគម្រោង មានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ហើយការបញ្ចប់វគ្គបណ្តុះបណ្តាលដំណាក់កាលទី២ នឹងតម្រូវឱ្យមានការប្រឡងនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយកចិត្តទុកដាក់ក្រេបយកនូវចំណេះដឹង និងមូលដ្ឋានគ្រឹះសំខាន់ៗ ព្រមទាំងយកឱកាសនេះ ពិភាក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ទៅលើប្រធានបទនៃកម្មវិធីសិក្សានីមួយៗ ហើយបានជម្រាបអង្គសិក្ខាសាលាថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តធ្វើការសហការជាមួយក្រុមការងារ P4I ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដំណាក់កាលទី៣ ជាបន្តបន្ទាប់ទៀតស្របតាមផែនការកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សសម្រាប់យន្តការ PPP នៅកម្ពុជា៕