(ភ្នំពេញ)៖ នៅថ្ងៃទី១៣ និងទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុនទ្រីភាពគ្រុប របស់អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំចាស់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២៤។
កិច្ចប្រជុំដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ បានដឹកនាំផ្ទាល់ដោយអ្នកឧកញ៉ា ទ្រី ភាព ព្រមទាំងមានការចូលរួមពីក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុន ព្រមទាំងអ្នកដឹកនាំក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងប្រធានផ្នែកនីមួយៗផងដែរ។
ក្រុមហ៊ុនទ្រីភាពគ្រុប គឺជាក្រុមហ៊ុនដែលបានរកស៊ីលើវិស័យជាច្រើនមានដូចជាសំណង់ ដឹកជញ្ជូន កំពង់ផែ សណ្ឋាគារ កន្លែងសម្រាកលំហែ ទេសចរណ៍ ប្រេងឥន្ធនៈ និងដំណាំកៅស៊ូជាដើម។ ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃថ្នាក់ដឹកនាំតាមផ្នែកនីមួយៗ បានឡើងបង្ហាញរបាយការណ៍ពាក់ព័ន្ធការងារដែលពួកគេសម្រេចបាន បញ្ហាប្រឈម និងសំណូមពរដើម្បីជាទិសដៅការងារសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៤។
បន្ទាប់ពីការបង្ហាញរបាយការណ៍ បញ្ហាប្រឈម និងសំណូមពរហើយនោះ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំអ្នកឧកញ៉ា ទ្រី ភាព បានលើកជាមតិវាយតម្លៃការងារ និងផ្តល់អនុសាសន៍ផ្សេងៗពង្រឹងស្មារតីការងាររបស់បុគ្គលិក ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅចំពោះមុខថ្នាក់ដឹកនាំក្រុមហ៊ុន ក៏ដូចជាប្រធានផ្នែកនីមួយៗ អ្នកឧកញ៉ា ទ្រី ភាព បានលើកបង្ហាញពីផលលំបាកមួយចំនួនកើតចេញពីបញ្ហាសកលលោក មានដូចជាចំហាយសល់ពីការរាតត្បាតជំងឺកូវីដ១៩ សង្គ្រាម និងការប្រកួតប្រជែងពាណិជ្ជកម្មរបស់ប្រទេសមហាអំណាជាដើម។ តែទោះជាយ៉ាងណាអ្នកឧកញ៉ា បានបង្ហាញក្តីរីករាយ និងមោទនភាពចំពោះស្មារតីសាមគ្គីតម្កល់ប្រយោជន៍ក្រុមហ៊ុនជាធំ ជាមួយការប្រឹងប្រែងឥតរួញរារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែក បានធ្វើឱ្យក្រុមហ៊ុនអាចជម្នះការលំបាកនានា ហើយរក្សាបានដំណើរមួយល្អប្រសើរ។
ក្រៅតែពីកត្តាសាមគ្គី និងការប្រឹងប្រែងផ្ទៃក្នុងរបស់ក្រុមហ៊ុនហើយនោះ អ្នកឧកញ៉ា ក៏បានលើកឡើងដែរថា អំណោយផលពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការផ្តល់កិច្ចអន្តរាគមន៍នានាពីរាជរដ្ឋាភិបាល គឺជារឿងមួយដ៏ចាំបាច់ ដើម្បីក្រុមហ៊ុនជម្នះបានការលំបាក និងរក្សាដំណើរការរបស់ខ្លួន។ និយាយដល់កត្តាដឹកនាំរបស់រាជរដ្ឋាភិបាល អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្ន ដែលផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជន និងចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ជាតិ។ តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាលតែងផ្តល់ការគាំទ្រ និងកិច្ចគាំពារទាំងឡាយឆ្លើយតបនឹងបញ្ហារបស់ក្រុមហ៊ុន ហើយធ្វើឱ្យក្រុមហ៊ុនអាចបន្តឈរជើងយ៉ាងរឹងមាំក្នុងពេលពិភពលោកជួបវិបត្តិ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ក៏បានក្រើនរំលឹកដល់បុគ្គលិកក្រុមហ៊ុនទាំងអស់ បន្តប្រកាន់ខ្ជាប់ស្មារតីសាមគ្គី ស្មារតីស្រឡាញ់ក្រុមហ៊ុន ហើយបន្តប្រឹងប្រែងបំពេញតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរជួយឱ្យក្រុមហ៊ុន មានដំណើរការល្អ និងបន្តរក្សាបានប្រភពចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប ដែលបានប្រឹងប្រែងមិនខ្លាចការនឿយហត់បម្រើកិច្ចការទាំងឡាយរបស់ក្រុមហ៊ុន។
យោងតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុនទ្រីភាពគ្រុបមានបុគ្គលិកសរុបប្រមាណជា ៤ពាន់នាក់ ហើយបានចំណាយប្រាក់ខែប្រចាំខែជាង ១លានដុល្លារសហរដ្ឋអាមេរិក។ របាយការណ៍បានបង្ហាញដែរថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចូលរួមបង់ពន្ធជូនរដ្ឋរហូតដល់ទៅប្រមាណជា២០លានដុល្លារអាមេរិក។
ទន្ទឹមនឹងការធ្វើអាជីវកម្មហើយនោះ ក្រុមហ៊ុនទ្រីភាពគ្រុប ក៏បានប្រកាន់គោលការណ៍ជួយដល់សហគមន៍ជាមួយរាជរដ្ឋាភិបាល ដោយជួយកសាងសមិទ្ធផលនានាបម្រើជាប្រយោជន៍សាធារណៈរួមមានអគារមណ្ឌលសុខភាព សាលារៀន និងផ្លូវជាដើម។ បន្ថែមពីលើនោះ ពេលកម្ពុជាជួបគ្រោះមហន្តរាយនានា ដូចជាគ្រោះទឹកជំនន់ជាដើម ក្រុមហ៊ុនទ្រីភាពគ្រុប បានចូលរួមបរិច្ចាគស្បៀងអាហារមានអង្ករ ត្រីខ និងមីជាដើមជូនរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានរៀបចំពិធីជប់លៀងជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិក ហើយមានការចាប់រង្វាន់រួមមានម៉ូតូ ទូរស័ព្ទដៃ និងទូរទស្សន៍ ប្រកបដោយក្តីសប្បាយរីករាយ៕