(ភ្នំពេញ)៖ ក្រុមអ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ការកាន់ក្បាលម៉េក្រូដើរតាមផ្លូវស្រែកពីចំងាយ និងការចេញរបាយការណ៍ទៅខាងក្រៅវាយប្រហារពីប្រទេសរបស់ខ្លួន មិនមែនជាដំណោះស្រាយល្អនោះទេ តែការខិតជិតរកគ្នារវាងសហជីព និងរាជរដ្ឋាភិបាលទៅវិញទេ ដែលជាការស្វែងរកដំណោះស្រាយល្អ ការពារផលប្រយោជន៍រួមរបស់ជាតិ។

ការលើកឡើងបែបនេះ បន្ទាប់ពីគេសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការនាអាណត្តិ៧នេះបានជួបគ្នាជារើយៗ ក្នុងគោលបំណងដើម្បីពិភាក្សាការងារ និងដាក់បញ្ហានៅលើតុដើម្បីរកតំណោះស្រាយជុំគ្នា ចៀសជាងធ្វើសកម្មភាពនានាដែលបង្កអសន្តិសុខសង្គម។ តែទោះបីជាយ៉ាងណាក៏ដោយក៏នៅមានដែរនូវសហជីពមួយក្តាប់តូចនៅតែប្រកាន់គោលជំហរបែបនេះ ។ 

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សហជីពមួយចំនួនតូចគួរឈប់កាន់ក្បាលមេក្រូស្រែកតាមផ្លូវព្រោះវាមិនមែនជាដំណោះស្រាយល្អឡើយ។ យន្តការចូលជជែកទល់មុខគ្នា ដាក់បញ្ហានៅលើតុមូល ធ្វើយ៉ាងណាការពារផលប្រយោជន៍ជាតិទាំងមូលទៅវិញទេ ដែលជាតម្រូវការពិតប្រាកថរបស់បងប្អូនកម្មករនិយោជិតនៅក្នុងស្រុក ។

លោកពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាសហជីពទាំងអស់នៅក្នុងស្រុកបាននិងកំពុងអនុវត្តតួរនាទី និងមានគោលបំណងតែមួយគត់នោះគឺការការពារសិទ្ធិរបស់បងប្អូនកម្មករនិតោជិត និងរក្សាស្ថេរភាពការងារនៅកម្ពុជា ។ ដូច្នេះហើយភាពស្និទ្ធស្នាល និងការចេះជជែកគ្នារកតំណោះស្រាយ រួមទាំងការពារផលប្រយោជន៍រួមជារឿងមួយសំខាន់ណាស់នាពេលបច្ចុប្បន្ន ។

សម្រប់លោកបណ្ឌិតរូបនេះ បានលើកឡើងទៀតថា៖ «ខ្ញុំគិតថាជាការល្អណាស់សម្រាប់សហជីព និងបរិយាកាសនយោបាយសង្គម និងជាពិសេសនោះគឺការផ្តល់ផលចំណេញដល់បងប្អូនកម្មករនិយោជិតនៅក្នុងស្រុកតែម្តង នោះគឺស្រួលធ្វើការ មិនមានការផ្ទុះសារ៉ាយបញ្ហាផ្សេងៗជាក់ស្តែងលើទស្សនសហជីពហ្នឹង ! ។ ជារួមខ្ញុំវាយតម្លៃថាល្អបើភាគីទាំងពីរនេះចេះអង្គុយជជែកគ្នាដោយសន្តិវិធី » ។

លោកបណ្ឌិតបានបន្ថែមថា៖ «បញ្ហាវាកើតឡើងរវាងមនុស្ស និងមនុស្ស បើទោះបីបញ្ហានោះធំប៉ុណ្ណា តានតឹងយ៉ាងណាក៏ដោយ ឱ្យតែយើងចេះអង្គុយតទល់គ្នា ដោះស្រាយបានបន្តិចៗទៅ គង់តែបង្កើតបានបរិយាកាសល្អនោះទេ ។ ពិតណាស់វានៅតែមានគំនិតខ្វែងគ្នា និងការមិនយល់ស្របគ្នាកន្លែងខ្លះនៅតែបន្តកើតមាន ក៏ប៉ុន្តែវាគង់តែកាត់បន្ថយ ប្រសិនបើយើងអង្គុយតទល់គ្នា ជជែកគ្នាផ្ទាល់» ។

សម្រាប់លោកបណ្ឌិតបានសង្កត់ធ្ងន់ថា យោងតាមស្ថានភាពកម្ពុជាបច្ចប្បន្ននេះ កម្ពុជាត្រូវការជាចាំបាច់ណាស់នូវយន្តការបែបនេះ ពីព្រោះកាលណាភាគីទាំងពីរមានគំនិតស្របគ្នានោះវាធ្វើឱ្យបរិយាកាសវិនិយោគនៅក្នុងស្រុកល្អ ជាពីសេសនៅក្នុងអំឡុងពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែជួបបញ្ហាមកពីសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាធំមួយចំនួនទៀត ។ ដូច្នេះភាគីសហជីព និងរដ្ឋាភិបាលត្រូវតែគិតគូរពីការរក្សាស្ថេរភាពអ្នកវិនិយោគិនក្នុងស្រុក និងសុខដុមរមនាការងារនៅកម្ពុជា ។

លោកបណ្ឌិតបន្ថែមថា ភាគីទាំងពីរនេះគួរតែមានយន្តការបែបនេះតាំងពីតំបូងមក ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយរឿងហួសឱ្យវាហួសទៅចុះ យ៉ាងណាបច្ចប្បន្ននេះភាគីទាំងពីត្រូវចេះជួបជជែកគ្នាម្តងម្កាល ដាក់បញ្ហានៅនៅលើតុ ។ ការដែលស្រែកដាក់ក្បាលមេក្រូ និង ការចេញរបាយការណ៍វាយប្រហាគ្នាពីចំងាយនោះមិនមែនជាតំណោះស្រាយល្អនោះទេ។