(កំពង់ឆ្នាំង)៖ មានករណីវិវាទរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីការលក់មេទឹកមួយកន្លែង ក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ទៅឲ្យឈ្មួញធ្វើការ នេសាទ ដែលធ្វើឲ្យពួកគាត់ជាម្ចាស់ស្រែនៅក្នុងទីតាំងមេទឹកខាងលើនេះ កើតទុក្ខមិនសុខចិត្ត និងសុំឲ្យថ្នាក់ដឹកនាំខេត្តជួយដោះស្រាយបញ្ហានេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងចំណុចទីតាំងមេទឹកខាងលើនេះ គឺមានស្រែប្រជាពលរដ្ឋដែលមានម្ចាស់ស្រែចំនួន៥៥គ្រួសារ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគាត់បានលក់មេទឹកនេះទៅឲ្យឈ្មួញធ្វើការនេសាទ ដើម្បីយកប្រាក់មកសម្រាប់បូមទឹកបញ្ចូលស្រែ ជួសជុលទំនប់ និងប្រាក់មួយចំនួនទៀតសម្រាប់កសាងសមិទ្ធិផលនានានៅក្នុងភូមិ។

តែឆ្នាំទៅអាជ្ញាធរបានលក់មេទឹកនេះទៅឲ្យឈ្មួញ ដែលពួកគាត់ជាម្ចាស់ស្រែមិនបានដឹង ហើយប្រាក់ដែលបានមកពីការលក់មេទឹកនោះមិនដឹងថាអាជ្ញាធរយកទៅចាត់ចែងធ្វើអីនោះដែរ។

ចំណែកឆ្នាំនេះមេទឹកខាងលើនេះរបស់ពួកគាត់ ក៏ត្រូវបានអាជ្ញាធរធ្វើកិច្ចសន្យាលក់ទៅឲ្យឈ្មួញសម្រាប់រយៈពេល៤ឆ្នាំជាបន្តទៀត ដែលធ្វើឲ្យពួកគាត់ជាម្ចាស់ស្រែពុំទទួលបានថវិកាសម្រាប់ចាត់ចែងទិញប្រេងបូមទឹកបញ្ចូលស្រែ សម្រាប់ជួសជុលទំនប់ និងកសាងសមិទ្ធិផលនានាក្នុងភូមិនោះឡើយ។ ហេតុនេះហើយបានធ្វើឲ្យពួកគាត់មិនសុខចិត្ត ដោយបានស្នើសុំអាជ្ញាធរបញ្ឈប់ការលក់ដូរមេទឹកទៅឱ្យឈ្មួញចាប់ពីឆ្នាំនេះតទៅ ដោយទុកឲ្យពួកគាត់ដែលជាម្ចាស់ស្រែ និងប្រជាពលរដ្ឋក្នុងភូមិជាអ្នកចាត់ចែង គឺទុកមេទឹកនេះសម្រាប់បម្រើដល់ផលប្រយោជន៍រួមនៅក្នុងភូមិអន្លង់មេត្រីទាំងមូលសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងភូមិធ្វើការនេសាទ ជាលក្ខណៈគ្រួសារវិញ។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោក កែវ រិទ្ធី អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា បើយោងតាមរបាយការ ណ៍បឋមរបស់ក្រុមការងាររបស់លោកដែល បានចុះដោះស្រាយករណីវិវាទខាងលើនេះ ជាមួយអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ករណីដែលបណ្ដាលឱ្យមានវិវាទនេះកើតឡើង គឺផ្ដើមឡើងចេញពីឈ្មួញបានដាក់របាំងស្បៃមុង ព័ទ្ធជុំវិញទំនប់មេទឹកក្នុងដីស្រែរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែសម្រាប់ចាប់ត្រីនៅពេលទឹកស្រក ឃើញដូច្នេះពួកគាត់ដែលជាម្ចាស់ស្រែក៏បានធ្វើការរុះរើរបាំងនោះចេញពីដីរបស់ពួកគាត់ ប៉ុន្តែទើបតែរុះរើបានប្រមាណ ប្រវែងជា២ ទៅ៣ម៉ែត្រប៉ុណ្ណោះ ក៏មានទំនាស់រវាងអ្នកជួល និងប្រជាពលរដ្ឋដែលជាម្ចាស់ស្រែតែម្ដង។

ក្នុងរបាយការណ៍នោះ បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងថ្ងៃប្រជុំដោះស្រាយករណីវិវាទខាងលើនេះលោក កែវ ម៉េត មេឃុំពាមឆ្កោក បានផ្ដល់លទ្ធភាព ដោយសុំឲ្យប្រជាពលរដ្ឋគិតជាថ្មី ដើម្បីមានកិច្ចព្រមព្រៀងថ្មីមួយ ក្នុងការបញ្ចប់បញ្ហា ដោយលោកសុំដកឃ្លាទៅពិភាក្សាជាមួយតំណាងមេទំនប់ម្នាក់ទៀត។

លោកមេឃុំក៏បានសំណូមពរសុំឲ្យមន្ត្រីជំនាញរាយការណ៍ជូននាយខណ្ឌរដ្ឋបាលជលផល នៅពេលអាជ្ញាធរធ្វើការសម្របសម្រួលបញ្ចប់កិច្ចការ ហើយលោកមេឃុំក៏នឹងរាយការណ៍ជូននាយខណ្ឌ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅ ពេលក្រោយទៀត៕