(កណ្តាល)៖ ដើម្បីឆ្លើយតបទុក្ខលំបាក តម្រូវការនានារបស់កុមារខ្សោយសតិបញ្ញា និងអូទឹស្សឹម លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយភរិយាថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជាអង្ករវីតាមីន១០០កេស មី២០កេស និងត្រីខមួយចំនួនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេសក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងន័យចូលរួមចំណែកការយកចិត្តទុកដាក់អំពីសុខុមាលភាព ក៏ដូចជាស្វែងយល់អំពីការសិក្សា និងវឌ្ឍនភាពថ្មីៗ នៃការរស់នៅរបស់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម។

លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានលើកកំពស់ដល់មនុស្សមានពិការភាព ពិសេសកុមារដែលមានពិការភាព ខ្សោយសតិបញ្ញានិងអូទឹស្សឹម ក្នុងវិស័យអប់រំសិក្សាធការ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះសម្រាប់ខេត្តកណ្តាល មានកំណើនកើនឡើងច្រើន នៃកុមារពិការភាពដែលបានចូលទៅកាន់សាលារៀនប្រកបដោយតម្លាភាព សមធម៌ និងយេនឌ័រ។

ប៉ុន្តែក្នុងចុងឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា កុមារជាង៦ម៉ឺននាក់ ដែលនៅក្រៅសាលានៅឡើយ ក្នុងនោះភាគច្រើនគឺកុមារពិការខ្សោយសតិបញ្ញា និងអូទឹស្សឹម។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញនៅគោលនយោបាយថ្មី១ទៀត ស្តីពីការអប់រំបរិយាបណ្ណនៅឆ្នាំ២០១៨ មកដល់ពេលបច្ចុប្បន្នដើម្បីធានាឲ្យការសិក្សារបស់កុមារពិការគ្រប់រូប បានចូលទៅកាន់សាលារៀនគ្រប់ៗគ្នា។

លោកបន្តថា ដោយឃើញអំពីកំណើនដ៏ច្រើនលើសលុប នៃចំនួនកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម មិនទាន់មានឱកាសចូលរួមក្នុងការទទួលយកចំណេះដឹងគ្រប់គ្រាន់ តាមនិន្នយាមប្រព័ន្ធអប់រំអន្តរជាតិអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC មានចក្ខុវិស័យក្នុងការរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រមូលកុមាពិការខ្សោយសតិបញ្ញា និងអូទឹស្សឹមឲ្យក្នុងប្រព័ន្ធអប់រំ ដែលរួមមានទាំងវិស័យព័ត៌មានបណ្តុះបណ្តាល បច្ចេកទេស និងវិស័យយេនឌ័រសម្រាប់កុមារីពិការផងដែរ។ ដូចគ្នានេះដែរ ដោយឃើញអំពីការលំបាក និងសម្រួលដល់កុមារពិការខ្សោយសតិបញ្ញា និងអូទឹស្សឹមក្រុងតាខ្មៅ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សា ផ្ទាល់របស់ព្រះមហាក្សត្រ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនអគាសិក្សាចំនួន៤ខ្នង បូករួមទាំងសម្ភារសិក្សា ឧបករណ៍ ឧបន្ទេសផ្សេងៗដែលផ្តល់ភាពងាយស្រួលសម្រាប់ការសិក្សា របស់កុមាពិការខ្សោយសតិបញ្ញា និង អូទឹស្សឹម។

លោកស្រី ទុយ សិរីរតនៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្យ ចន័្ទមុន្នី ហ៊ុនម៉ាណែត តែងតែយកចិត្តទុកដាក់ នូវរាល់ក្តីកង្វល់របស់ជនមានពិការភាព ពិសេសកុមារ ពិការខ្សោយសតិបញ្ញា និងអូទីស្សឹម ទាំងសុខុមាលភាព ជីវភាពរស់នៅ ក៏ដូចជាការទទួលបាននូវការបណ្តុះបណ្តាលអប់រំ វិជ្ជាជីវៈដល់កុមារដែលមានពិការភាពគ្រប់ពេលវេលា។

លោកស្រីបានបន្តថា កុមារដែលខ្សោយសតិបញ្ញាពីកំណើតចាំបាច់ណាស់ក្នុងការទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវពីលោកគ្រូអ្នកគ្រូ ដើម្បីកែប្រែឥរិយាបទនិងបង្កើនទំនាក់ទំនងនៅក្នុងសង្គមដូចកុមារដទៃ។ ក្រោមការយក ចិត្តទុកដាក់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា កុមារពិការខ្សោយសតិបញ្ញា និងអូទឹស្សឹម តាមរយៈ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC បានបណ្តុះបណ្តាលដល់កុមារខ្សោយសតិបញ្ញា និងអូទឹស្សឹម ទាំងឥរិយាបទរស់នៅ ទាំងចំណេះដឹង និងបំណិនជីវិតថែមទៀតផង។

លោកស្រីបានបន្តថា ដោយសារកិច្ចខិតខំប្រឹងប្រែងគ្មានថ្ងៃយប់ព្រលប់រាត្រី ដើម្បីសន្តិភាព ការអភិវឌ្ឍន៍នៅកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយពីក្តីកង្វល់នៃជនមាន ពិការភាពឲ្យក្លាយទៅជាឱកាសសម្រាប់ជីវិត និងការងារប្រចាំថ្ងៃពិសេសរួមចំណែកដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានក្នុងសង្គមជាតិ។

ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខ លោកស្រី ទុយ សិរីរតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាកក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយ សតិបញ្ញា និងអូទីស្សឹម ព្រោះថាកុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ហើយការបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង។

គួរបញ្ជាក់ថា ដោយសារកំណើនកើនឡើង នៃកុមារពិការភាពសតិបញ្ញា និងអូទីស្សឹម ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ បានប្រែក្លាយសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC ឱ្យទៅជា វិទ្យាល័យអប់រំ ពិសេសក្រុងតាខ្មៅ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅដែលអនុញ្ញាតឱ្យវិទ្យាល័យមួយនេះ មានវិសាលភាពបណ្តុះបណ្តាលចាប់ពីថ្នាក់មតេ្តយ្យសិក្សា រហូតដល់មធ្យមសិក្សា។

ជាមួយគ្នានេះដែរ សម្តេចតេជោបានសម្រេចផ្តល់ក្របខណ្ឌពិសេសដល់គ្រូបង្រៀនចំនួន២៦នាក់ ស្រី១៣នាក់ជាមន្រ្តីរាជការ ពេញសិទ្ធិនៃក្រសួងអប់រំ ហើយវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានក្លាយជាវិទ្យាល័យអប់រំ ពិសេសទី០៦ របស់ ក្រសួងអប់រំ យុវជន និងកីឡា និងបានក្លាយជាវិទ្យាល័យនាំមុខគេនៅកម្ពុជា ក្នុងវិស័យអប់រំបរិយាបន្នដល់សិស្ស ពិការភាពសតិបញ្ញា និងអូទីស្សឹមនៅកម្ពុជាផងដែរ៕