(ភ្នំពេញ)៖ «មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន សែន» ដែលមានមុខកាត់២ម៉ែត្រ ប្រវែង៥៤០ម៉ែត្រ ដែលជាគម្រោងធំបំផុតជាប្រវត្តិសាស្ត្រនៅកម្ពុជា បានបញ្ចប់ការខួងដាក់ក្រោមបាទទន្លេសាប ពីត្រើយខាងកើតមកត្រើយខាងលិចនៃស្ពានព្រែកព្នៅហើយ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងធានាដល់ការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំកាន់តែប្រសើរឡើង។
ពិធីបញ្ចប់ការខួងបំពង់មេនាំទឹក មានមុខកាត់២ម៉ែត្រនេះ បានធ្វើឡើងក្រោមអធិបតីលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Jacques PELLET ឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា។
លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា បន្ទាប់ពីបញ្ចប់ការខួងបំពង់មេនាំទឹកស្អាតនេះ នៅក្រោមបាតទន្លេសាបរួច រដ្ឋាករទឹកត្រូវការពេលជាង ១ខែទៀតដើម្បីបង្ហើយការងារទាំងស្រុង និងតភ្ជាប់ទៅនឹងបំពង់នាំទឹកដែលមានស្រាប់ ដោយមហាបំពង់មេនាំទឹកស្អាត «សម្តេច ប៊ុន រ៉ានី ហ៊ុន សែន» នេះ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤។
លោកបន្តថា បន្ទាប់ពីមហាបំពង់មេនាំទឹកស្អាត «សម្តេច ប៊ុន រ៉ានី ហ៊ុន សែន» ដាក់ឱ្យដំណើរការជាផ្លូវការ នឹងធានាបាននូវការផ្គត់ផ្គង់ទឹក នៅរាជធានីភ្នំពេញ បានគ្រប់គ្រាន់រួមទាំងតំបន់ជាយក្រុងផងដែរ។
លោកបានលើកឡើងថា ការបញ្ចប់ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងការបញ្ចប់នូវការខួងទម្លុះជញ្ជាំងអណ្ដូងត្រើយខាងលិចទន្លេសាប ដោយនាំជាមួយនូវ «មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុនសែន» ទំហំ២ម៉ែត្រពីក្រោមបាតទន្លេសាប មកប៉ែកខាងលើ ដើម្បីផ្គត់ផ្គង់ទឹកទៅភាគខាងលិចរាជធានីភ្នំពេញនេះ គឺជាមោទនភាពមួយសម្រាប់គណៈគ្រប់គ្រង និងក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជាការបង្ហាញពីសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការអនុវត្តគម្រោងខ្នាតធំជាមួយនឹងការកាត់បន្ថយហេតុប៉ះពាល់សង្គម ទៅលើការខ្វះខាតទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋ។
លោកបន្តថា ការសម្រេចបាននៅសមិទ្ធិផលមួយនេះ បានធ្វើឱ្យប្រជាជនក្នុងរាធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសអ្នករស់នៅក្នុងសហគមន៍ក្រីក្រ និងតំបន់ជុំវិញរាជធានីភ្នំពេញ អាចមានលទ្ធភាពទទួលបាននៅទឹកស្អាត ដែលប្រកបដោយសុវត្ថិភាព និងមានភាពប្រសើរឡើងពីពេលនេះតទៅ។ គម្រោងនេះក៏បានចូលរួមចំណែកក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជាហើយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៅសេវាផ្គត់ផ្គង់ទឹកស្អាត ការបង្កើនសមត្ថភាពផលិតកម្ម និងចែកចាយទឹកស្អាត ដើម្បីឱ្យស្របតាមពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។
បើតាមអគ្គនាយករដ្ឋាទឹក នៅចុងត្រីមាសទី១ ឆ្នាំ២០២៤ សមត្ថភាពនៃការផលិតទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកើនឡើងដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈការប្រើប្រាស់ទឹកស្អាតនាពេលបច្ចុប្បន្ននេះ មានប្រមាណ ៨៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។ បច្ចុប្បន្ននេះ រដ្ឋាករទឹកបាននឹងកំពុងពន្លឿនការដាក់បំពង់មេ នៅតាមគន្លងផ្លូវមួយចំនួន ដើម្បីពង្រីកការផ្គត់ផ្គង់បន្ថែមផងដែរ។
សូមជម្រាបថា ការដ្ឋានដាក់បំពង់មេទឹកស្អាតមុខកាត់ ២ម៉ែត្រក្រោមបាទទន្លេសាប ចាប់ពីត្រើយខាងកើតឆ្ពោះទៅត្រើយខាងលិច នៃស្ពានព្រែកព្នៅប្រវែង៥៤០ម៉ែត្រ គឺជាហេដ្ឋារចនាសម្ព័ន្ធដំបូងគេបង្អស់ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងបានបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ៕