(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានជំរុញឱ្យមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រឹងប្រែងអនុវត្តកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលុបបំបាត់ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់សារធាតុញៀនគ្រប់រូបភាព។

ការណែនាំរបស់ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ធ្វើឡើងក្នុងឱកាសលោកជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវីធីនិងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករងមន្ទីរ និងសិក្ខាកាមចំនួន ៦៨នាក់ (ស្រី៨នាក់)។

ការសិក្សានេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយសិក្ខាកាមបានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេស និងទទួលបានចំណេះជំនាញល្អ និងមធ្យម។

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានកោតសរសើរដល់គណៈគ្រប់គ្រងវគ្គ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់របស់យើង ឱ្យកាន់តែមានចំណេះ និងជំនាញ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ។

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានគូសបញ្ជាក់ថា គ្រឿងញៀនកំពុងគម្រាមកំហែងគ្រប់ទីកន្លែង ជាពិសេសលើអ្នកប្រើប្រាស់ គ្រប់ច្រកល្ហក តាមទីជនបទ និងមានផលប៉ះពាល់ដល់សង្គមជាតិ។ ក្នុងន័យនេះ ទើបយើងជំរុញឱ្យមានការបើកវគ្គបំប៉នជំនាញ ដល់មន្ត្រីអនុវត្តច្បាប់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យមានចំណេះនិងជំនាញ ក្នុងការបន្តការស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ឲ្យស្របទៅនឹងរាជរដ្ឋាភិបាលនីតិកាលទី០៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រីនៃកម្ពុជា ជាប្រមុខបានប្តេជ្ញាចិត្ត និងបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិ៍ភាព និងស្របតាមអនុសាសន៍ដឹកនាំរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី កងកម្លាំងជួរមុខ, ការបំប៉នជំនាញវិជ្ជាជីវៈ, ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន តាមរយៈការបើកវគ្គបណ្តុះបណ្តាល គឺជាការចាំបាច់បំផុត និងដោយអនុវត្តតាមផែនការ ដែលបានគ្រោងទុកអោយស្របទៅនឹងផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការនគរបាលជាតិ សម្រាប់ឆ្នាំ២០២៣។

លោកអគ្គស្នងការរងបានបន្តថា ក្រោយពីបញ្ចប់វគ្គនេះ សូមសិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញទៅបំរើផលប្រយោជន៍ ជូនដល់អង្គភាព និងចែករំលែកបទពិសោធន៍ ជូនដល់មន្ត្រីដទៃទៀត និងប្រើប្រាស់ចំណេះដឹងស្របទៅនឹងវិជ្ជាជីវៈ ដើម្បីអនុវត្តកិច្ចការងារក្នុងអង្គភាពអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅលប់បំបាត់ការផលិត-ការជួញដូរ-ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនគ្រប់រូបភាព។ ត្រូវប្រើចំណេះជំនាញស្របទៅនឹងច្បាប់ ហើយស្មោះត្រង់ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ។

ជាមួយគ្នានេះដែរ លោកសង្ឃឹមថា និងមានវគ្គបំប៉នជំនាញនេះបន្តបន្ទាប់ទៀត សម្រាប់មន្ត្រីអនុវត្តច្បាប់នៅមន្ទីរប្រឆាំងគ្រឿងញៀន ឱ្យបានគ្រប់ៗគ្នា និងអាចបន្តបើកវគ្គតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តផងដែរ ៕