(កំពង់ចាម)៖ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាមឲ្យខិតខំពង្រឹងសមត្ថភាពឲ្យស្របតាមការវិវត្ដ នៃបច្ចេកវិទ្យា និងសង្គម ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលឲ្យបានឆាប់រហ័ស និងប្រកបដោយគុណភាព ស្របតាមសម័យ កាលដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប។

លោក នេត្រ ភក្រ្តា បានថ្លែងថា «ធ្វើទំនើបកម្មសមត្ថភាពរបស់មន្ដ្រី គឺស្របតាមការវិវត្ដ នៃបច្ចេកវិទ្យា និងសង្គម»។ សមត្ថភាពរបស់មន្ដ្រី គឺត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្ដរបស់សង្គម»

លោករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញគោលនយោបាយជារួមគឺការកំណែទម្រង់មុខងារសាធារណៈផង និងការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មានផងដែរ។

លោក នេត្រ ភក្រ្តា បានបន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់នូវចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យអង្គភាពព័ត៌មាននេះ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រី បានបន្ថែមថា «សម័យបច្ចុប្បន្នបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីរបស់យើងអត់ទាន់មានជំនាញច្បាស់លាស់នៅឡើយ ដូច្នេះចាំបាច់យើងត្រូវគិតគូរ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ពួកគាត់បន្ថែម ដើម្បីឲ្យបន្តស៊ី ទៅនឹងអ្វីដែលជាការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយរបស់យើង»

លោកបញ្ជាក់ថា «មន្ត្រីរបស់យើង មិនអាចយកកិច្ចការដែលចេះពីសម័យមុន មកធ្វើការងារត្រឹមតែចំណេះដឹងដដែលៗនោះទេ ពោលគឺមន្ត្រីយើងត្រូវតែពង្រីកសមត្ថភាព និងពង្រឹងចំណេះដឹងដែលយើងមាន ឲ្យស្របទៅនឹងការ វិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយ»

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានបំពេញការងារនាពេលកន្លងមក បើទោះបីជាជួបការលំបាក និងបញ្ហាប្រឈមខ្វះខាតសម្ភារ យ៉ាងណាក៏ដោយក៏នៅតែជំនះ ទៅលើការបំពេញការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលជូនខេត្ត និងជាតិបានល្អប្រសើរផងដែរ៕