(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងនៅក្នុងកិច្ចសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំង ប្រដាប់អាវុធនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ថា ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយ ដែលសម្តេចបានចំណាយពេលរស់នៅច្រើនក្នុងជីវិតជាអ្នកចំការ និងជាយុទ្ធជនតស៊ូក្នុងសម័យសង្រ្គាម ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក៏ដូចចលនាតស៊ូរំដោះប្រទេសចេញពីរបប ប៉ុលពត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងសម័យតស៊ូរំដោះប្រទេសចេញពីរបប លន់ នល់ សម្តេចបានធ្វើសង្រ្គាមច្រើន ជាមួយវៀតណាមខាងត្បូង តែមិនសូវជាបានធ្វើសង្រ្គាមជាមួយកងទ័ពរបស់ លន់ នល់ នោះឡើយ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនៅត្រើយខាងត្បូងឃ្មុំនេះច្រើនជាង នៅត្រើយខាងកំពង់ចាម ដោយសារម្ខាងយើងមានដីចំការនៅស្រុកមេមត់ ហើយម្ខាងទៀតតំបន់តស៊ូរបស់យើង មួយរយៈពីឆ្នាំ១៩៧០ ដល់១៩៧៥ គឺនៅទិសនេះតែម្តង បូកជាមួយចលនាតស៊ូ ចាប់ផ្តើមប្រឆាំងប៉ុលពត ក៏នៅតំបន់នេះតែម្តង»។
សម្តេចតេជោ ក៏បានរំលឹកថា ចាប់ពីខែឧសភា ឆ្នាំ១៩៧០ តាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីទីរួមស្រុកស្នួល ខេត្តក្រចេះ រហូតដល់ទន្លេបិទ គឺជាតំបន់ប្រតិបត្តិការរបស់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ ក្នុងនាមជាយុទ្ធជនម្នាក់ សម្តេចបានបានធ្វើការរួមចំណែកធ្វើសង្រ្គាមច្រើន នៅតាមផ្លូវជាតិលេខ៧ ហើយការប្រយុទ្ធភាគច្រើនជាមួយកងទ័ពវៀតណាមខាងត្បូង។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះ «ខ្ញុំបានប្រយុទ្ធនៅតំបន់ពញាក្រែកនេះ ដល់ទៅពីរដំណាក់កាលឯណោះ ដំណាក់កាលទី១ គឺដំណាក់កាលវាយពួកអាមេកាំង និងវៀតណាមខាងត្បូង។ នៅតំបន់នេះ ខ្ញុំមិនសូវបានប្រយុទ្ធជាមួយកងទ័ពខ្មែរគ្នាឯងទេ របស់ថាច់ ច័ន្ទទេ តែខ្ញុំប្រយុទ្ធភាគច្រើនជាមួយកងទ័ពវៀតណាមខាងត្បូងទៅវិញ»។
សូមរំលឹកផងដែរថា ព្រោះការតស៊ូប្រឆាំងនិងរបបលន់ នល់ តាមការអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ក៏ដូចជាការប្រឆាំងនិងការឈ្លានពានរបស់អាមេរិក និងកងទ័ពវៀតណាមខាងត្បូងរយៈពេល៥ឆ្នាំ (១៩៧០-១៩៧៥) សម្តេចតេជោ ហ៊ុន សែន បានចូលសមរភូមិរហូតដល់១០៥លើក និងបានរងរបួសរហូតដល់ទៅ៥ដង ហើយរបួសចុងក្រោយគឺនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ បណ្តាលឲ្យភ្នែកម្ខាងរបស់សម្តេចតេជោពិការរហូតមកដល់បច្ចុប្បន្នផងដែរ។
អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ នៅក្នុងពិធីសំណេះសំណាលនាព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃកម្ពុជាគ្រប់អាណត្តិ និងបានសម្តែងការអបអរសាទរផងដែរ ចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលត្រូវបានវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី ប្រគល់ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត។
លោក ប្រាជ្ញ ច័ន្ទ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ ដែលបំបែកចេញពីខេត្តកំពង់ចាមនេះ ចែកជា ៦ស្រុក និង១ក្រុង ៦២ឃុំ ២សង្កាត់ ៨៧៣ភូមិ។ មានប្រជាពលរដ្ឋសរុប១៨៤,០០០គ្រួសារ ៨៤៤,០០០នាក់ និងមានផ្ទៃដីបង្កបង្កើនផល ២៥៤ហិកតា មានដីស្រែ ៨៨,០០០ហិកតា ដំណាំកៅស៊ូ ៨៧,៥០០ហិកតា ម្រេច ២៧០០ហិក ដំឡូងមី ៥៣,០០០ហិកតា ពោត ១១,០០០ហិកតា សណ្តែក ៤,០០០ហិកតា និងដំណាំផ្សេងៗ ៥,០០០ហិកតា។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ការភ្ជួររាស់ធ្វើស្រែបានជាង ៧៧,០០០ហិកតា ស្មើ៩៨ភាគរយ នៃផែនការ និងដាំដុះបាន ៧៧,០០០ហិកតា ស្នើនិង១០០ភាគរយ នៃផ្ទៃដីភ្ជួររាស់។
លោកអភិបាលខេត្តត្បូងឃ្មុំ ក៏បានបញ្ជាក់ផងដែរ ខេត្តកំពុងធ្វើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងអគារដ្ឋបាលខេត្តផងដែរ។ ការងារសាងសង់អគាររដ្ឋបាលសាលាខេត្ត សម្រេចបាន ៧០ភាគរយ និងអគារមន្ទីរជុំវិញខេត្តសម្រេចបាន ៦០ភាគរយ។ លោក ប្រាជ្ញ ច័ន្ទ បានបង្ហាញការរំពឹងថា អគារដ្ឋបាលសាលាខេត្ត និងមន្ទីរជុំវិញខេត្តអាចបញ្ចប់ជាស្ថាពរ និងអាចចូលបម្រើការងារបានត្រីមាសទី១ នៃឆ្នាំ២០១៧៕