(កំពង់ស្ពឺ)៖ លោក កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក TANINAI Ichitomo ឧបទូត/អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន អមដំណើរដោយឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករងមជ្ឈមណ្ឌលជាតិ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញទស្សនកិច្ចវគ្គបណ្តុះបណ្តាលគ្រឿងចក្រធុនធ្ងន់ (HEE) នៅវិទ្យាស្ថានកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម (IPMEC) នៅឧត្តុង្គ។

វគ្គបណ្តុះបណ្តាលគ្រឿងបរិក្ខារវិស្វកម្មធុនធ្ងន់ (HEE) មានរយៈពេល៤សប្តាហ៍ និងត្រូវបានចាប់ផ្ដើមនៅថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានយោធាចារ្យចំនួន៧ នាក់ មកពីកងកម្លាំងស្វ័យការពារជប៉ុន (JGSDF) ធ្វើការបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាចំនួន១៨នាក់។

វគ្គហ្វឹកហ្វឺននេះត្រូវបានរៀបចំឡើងគោលបំណងបណ្តុះបណ្ដាលសិក្ខាកាមមួកខៀវកម្ពុជា ឱ្យមានសមត្ថភាពក្នុងការបញ្ជាគ្រឿងចក្រធុនធ្ងន់ រួមទាំងអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាគ្រូបង្គោល​ដើម្បីធានានូវការចូលរួមប្រតិបត្តិការរក្សាសន្តិភាព ប្រកបដោយប្រសិទ្ធភាព។ ដោយឡែកសម្រាប់ការបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងដើម្បីអភិវឌ្ឍគ្រូបង្វឹកកម្ពុជាផ្នែកឧបករណ៍វិស្វកម្មធុនធ្ងន់ ដូច្នេះកម្ពុជាអាចមានលទ្ធភាពអភិវឌ្ឍប្រតិបត្តិករផ្នែកឧបករណ៍វិស្វកម្មធុនធ្ងន់ សម្រាប់បេសកកម្មប្រតិបត្តិការនៅបរទេសឱ្យបានជោគជ័យ។

ជប៉ុន បានបញ្ជូនអង្គភាពវិស្វកម្មប្រតិបត្តិការរក្សាសន្តិភាពជាលើកដំបូងរបស់ខ្លួនមកកម្ពុជាកាលពី៣១ឆ្នាំមុន។ នាពេលបច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានរួមចំណែកឈានមុខគេ នៅក្នុងបេសកកម្មប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រទេសជប៉ុនបានគាំទ្រដល់ការកសាងសមត្ថភាពអង្គភាព PKO របស់កម្ពុជាតាំងពីឆ្នាំ២០១៣។

ជាមួយនឹងទំនាក់ទំនងទ្វេភាគីដែលត្រូវបានវិវឌ្ឍន៍ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ ប្រទេសជប៉ុនមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងវិស័យកសាងសន្តិភាព។

កម្ពុជា និងជប៉ុនមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ លើសហប្រតិបត្តិការរក្សាសន្តិភាព ចាប់តាំងពីប្រទេសជប៉ុន បានដាក់ពង្រាយអង្គភាពវិស្វកម្ម JGSDF លើប្រតិបត្តិការរក្សាសន្តិភាពលើកដំបូងនៅកម្ពុ ជាកាលពី៣១ឆ្នាំមុន។ ភាគីទាំងពីរបានយល់ព្រមសហការក្នុងការកសាងសមត្ថភាពរបស់អង្គ ភាពប្រតិបត្តិការរក្សាសន្តិភាពកម្ពុជាក្នុងឆ្នាំ២០១២ ហើយបានចាប់ផ្ដើមការបណ្តុះបណ្ដាលផ្នែកវិស្វកម្ម សំណង់ស៊ីវិល និងការសាងសង់ផ្លូវនៅឆ្នាំបន្ទាប់។

នៅក្នុងឆ្នាំនេះដែលជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី១០ នៃគម្រោង និងខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងប្រទេសទាំងពីរ សិក្ខាកាមបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការជួសជុលផ្លូវនៅលើ ផ្លូវប្រវែង ៧០០ម៉ែត្រនៅខាងក្នុងអគារ IPMEC។ ប្រវែងគោលដៅ គឺស្មើនឹងការគុណខួបអនុស្សាវរីយ៍ទាំងពីរជាមួយគ្នា (១០ x ៧០)។ ប្រទេសជប៉ុនមានមោទនភាព និងរីករាយដែលបានគាំទ្រកងយោធពលខេមរ ភូមិន្ទ ដើម្បីបង្កើនសមត្ថភាពសន្តិភាព និងស្ថិរភាពអន្តរជាតិ៕