(ពោធិ៍សាត់)៖ អង្ករចំនួន៣៥តោន ជាស្បៀងសង្គ្រោះបន្ទាន់ ត្រូវបានលោកបណ្ឌិត ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកិសកម្ម តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ចែកជូនប្រជាកសិកររងគ្រោះ ដោយគ្រោះរាំងស្ងួតចំនួន ៧០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម ក្នុងនោះក្រុងពោធិ៍សាត់ចំនួន២៥០គ្រួសារ និងស្រុកបាកានចំនួន ៤៥០គ្រួសារ។
លោក ទី សុគន្ធ ថ្លែងក្នុងឱកសការប្រគល់អង្ករជាជំនួយនេះ រៀបចំឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ថា ស្បៀងបម្រុងសង្គ្រោះបន្ទាន់នេះ ជាអំណោយអាស៊ានបូក៣ (APTERR) ជាកម្មវិធីមួយដែលបង្កើតឡើង ពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០បូក៣ មានប្រទេសចិន កូរ៉េ និងប្រទេសជប៉ុន មានការិយាល័យ នៅសាកលវិទ្យាល័យកាសេតសាត ទីក្រុងបាងកក ប្រទេសថៃ។
លោកបន្តថា កម្មវិធីនេះមានគោលបំណង ពង្រឹងលើផលិតកម្មដំណាំស្រូវ ទប់ស្កាត់ការបាត់បង់ទិន្នផលស្រូវ ក្រោយពេលប្រមូលផល ស្តុកអង្ករថ្នាក់ជាតិ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ ផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ជម្រុញឲ្យមានស្ថិរភាពលើតម្លៃអង្ករ ធ្វើឲ្យប្រសើរឡើងនូវជីវជាតិ ក្នុងការទទួលទាន ដល់ក្រុមអ្នកដែលទទួលរងគ្រោះក្នុងប្រទេស ជាពិសេសនៅតំបន់ដាច់ស្រយាល។
លោកបានលើកឡើងទៀតថា គ្រោះធម្មជាតិមានដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ តែងតែកើតមាន នៅលើពិភពលោក ជាក់ស្តែងនៅប្រទេសកម្ពុជាយើង ក៏ជួបបញ្ហាប្រឈមគ្រោះរាំងស្ងួត ធ្វើឲ្យដំណាំស្រូវទទួលរងការខូចខាត ជាបន្តបន្ទាប់បើគ្មានទឹកភ្លៀងទេនោះ។
ស្ថិតក្នុងស្ថានភាពនេះ លោកបានអំពាវនាវ ដល់កសិករបន្តខិតខំបន្ថែមទៀត ទៅលើការងារដាំដុះ ចិញ្ចឹមសត្វ តាមបច្ចេកទេសកសិកម្ម ទើបអាចបម្រើសេវា និងគ្រប់គ្រងលើទីផ្សារ ក្នុងនិងក្រៅប្រទេស មានប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ តែបើកសិករយើងនៅតែអនុវត្តទៅតាមទម្លាប់នោះ មិនអាចគ្រប់គ្រងជីវភាពបានឡើយ ព្រោះថាពលរដ្ឋយើងចេះតែមានការកើនឡើង រីឯការផលិតនៅមានកម្រិតហេតុនេះ ទាមទាឲ្យកសិករដាំដុះឲ្យបានច្រើន តែបើមានបញ្ហាប្រឈមនានា សូមទំនាក់ទំនងជាមួយរដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត ដើម្បីជួយសមួ្រល និងដោះស្រាយបានទាន់ពេលវេលា។
តាមការឲ្យដឹងរបស់លោកស្រី ម៉ម ថាន្នី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្ករសង្គ្រោះបន្ទាន់មានចំនួន២១០តោន សម្រាប់ចែកជូនដល់កសិកររ ងគ្រោះដោយគ្រោះរាំងស្ងួតចំនួន៧ខេត្ត ក្នុងនោះមានខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕