(ភ្នំពេញ)៖ គិតត្រឹមរយៈពេល ១ខែ ដំបូងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣,៥៨៧នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោកបានលើកឡើងថា៖ «ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល១ខែគត់នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្នុងនោះដែរក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាកៀងគយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល»

បើតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះសរុបប្រមាណ ១៣,៥៨៧នាក់ (ស្រី ៤,៧០៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥,៧០៤នាក់, បាត់ដំបង ១,៤៨៨នាក់, សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤,៥០២នាក់។ ក្នុងនោះដែលអ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តាសំណង់សរុបមានចំនួន ១,៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ/មេកានិចរថយន្ត ២,០០៤នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៤,៤៩០នាក់ , សេវាកម្ម ៧៣០នាក់, បរិក្ខារត្រជាក់ និងកម្តៅ ១,៩៩៤នាក់, ទេសចរណ៍ ៨២៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៧០៧នាក់។

លោក កត្តា អ៊ន បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ទ្រង់ទ្រាយធំ ក្នុងនោះដែរការចុះយុទ្ធនាការផ្សព្វផ្សាយតាម សង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានចំនួន ៥០១លើក ដែលមានអ្នកចូលរួមសរុប ៥០,៦៤០នាក់។

បន្ថែមពីនេះ លោកបានថ្លែងថា ក្នុងនោះមានអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតបណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ។

ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ដែលកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវកា៕