(ពោធិ៍សាត់)៖ អគ្គិសនីកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយផលប៉ះពាល់ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីខេត្តពោធិ៍សាត់ ទៅអនុស្ថានីយ៍មុខកំពូលខេត្តកណ្តាល ប្រវែង១៥០គីឡូម៉ែត្រ។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន លោក អូន ហេមរិទ្ធ អគ្គនាយករង ផែនការ បច្ចេកទេសនៃអគ្គិសនីកម្ពុជា តំណាងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីរដ្ឋបាលស្រុកក្រុងចំនួន២ និងឃុំ សង្កាត់ចំនួន៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក អូន ហេមរិទ្ធ អគ្គនាយករង ផែនការ បច្ចេកទេស នៃអគ្គិសនីកម្ពុជា តំណាងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានជម្រាបជូននៅក្នុងកិច្ចប្រជុំនោះថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីខេត្តពោធិ៍សាត់ ទៅខេត្តកណ្តាល ប្រវែង១៥០គីឡូម៉ែត្រ ដែលចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ។ គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនលទ្ធភាព នាំថាមពលដែលមានតម្លៃសមរម្យ មកផ្គត់ផ្គង់បន្ថែមបំពេញតម្រូវការប្រើប្រាស់ ទូទាំងប្រទេស។ ដើម្បីឱ្យការសាងសង់ដំណើរការទៅមានភាពរលូន និងទទួលបានជោគជ័យតាមកម្មវិធីនោះ អគ្គិសនីកម្ពុជា ស្នើសុំអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរស្រុកក្រគរ និងឃុំចំនួន៦ រួមមានឃុំត្នោតជុំ ឃុំអូរសណ្តាន់ ឃុំស្នាអន្សា ឃុំអន្ល់ងត្នោត ឃុំក្បាលត្រាច និងឃុំអន្សាចំប៉ក់ និងក្រុងពោធិ៍សាត់ មានសង្កាត់រលាប ដែលមានការប៉ះពាល់គម្រោងសាងសង់ខ្សែបញ្ជូន មានកិច្ចសហការខ្ពស់។ ជាមួយគ្នានោះ សូមបង្កើតគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ទទួលនិងដោះស្រាយបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី ដើមឈើហូបផ្លែ និងកិច្ចការពារសុវត្ថិភាព បរិស្ថាន សង្គមជាដើម។

តាមរយៈនៃកិច្ចប្រជុំនេះ លោកសូមឱ្យរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដែលជាប់ពាក់ព័ន្ធ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅដល់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់ដូចជាឱ្យយល់ពីដំណើរការ សកម្មភាពសាងសង់ ខ្លឹមសារនៃការប្តឹងតវ៉ាដោយគម្រោងអភិវឌ្ឍន៍ ពន្យល់ពីគោលនយោបាយសម្រាប់កំណត់សិទ្ធិទទួលប្រាក់សំណង ដោយសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធ ពិតជាចូលរួម និងអនុវត្តទទួលបានជោគជ័យ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការអភិវឌ្ឍន៍លើវិស័យអគ្គិសនីនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្គត់ផ្គង់បន្ថែម និងបំពេញតម្រូវការប្រើប្រាស់ ទាំងក្នុងខេត្ត ក៏ដូចទូទាំងប្រទេស។ ដោយសារបញ្ហានេះជាកត្តាសំខាន់នោះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេចលេខ ១០២ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្តីពីការបង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី ដើមឈើហូបផ្លែ កិច្ចការពារសុវត្ថិភាព បរិស្ថាន និងសង្គម ចំនួន១២រូប ដែលមានលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន មានភារកិច្ចសហការជាមួយគណៈកម្មការអន្តរក្រសួង និងត្រូវបានបង្កើតក្រុមការងារ ដើម្បីជួយទ្រទ្រង់អនុគណៈកម្មការ ចំនួន១៤រូប និងលោកលោកស្រី ចៅសង្កាត់ មេឃុំ នាយប៉ុស្តិ៍នគរបាល និងមេភូមិពាក់ព័ន្ធ ដែលមានលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ជាប្រធាន មានភារកិច្ចសហការចុះប្រតិបត្តិការ អង្កេត វាស់វែងលម្អិត លើផលប៉ះពាល់ទ្រព្យសម្បត្តិផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រគម្រោងនៃខេត្តពោធិ៍សាត់ ដូចជាដោះស្រាយបញ្ហាករណីមានវិវាទ ការរស់នៅជាប់សងខាងទីតាំងគម្រោង ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ដើម្បីស្នើសុំមតិពីថ្នាក់លើ៕