(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-ថៃ លើកទី១០ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅប្រទេសថៃ នាថ្ងៃទី២៥-២៦ ខែសីហា ចុងសប្ដាហ៍នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស នៅព្រឹកមិញ។
បេសកកម្មនេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសថៃ។ អំឡុងពេលស្នាក់នៅប្រទេសថៃ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងជួបសម្ដែងការគួរសមជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ។
ក្រៅពីនោះ លោក ប្រាក់ សុខុន និងលោក ដូនប្រាំមូ វីនណៃ រដ្ឋមន្រ្តីការបរទេសថៃ ក៏នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំ ដែលក្នុងឱកាសនោះ ភាគីទាំងពីរនឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដែលជាផលប្រយោជន៍រួមទៅវិញទៅមក ដើម្បីលើកកម្ពស់ និងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោ ហ៊ុ សែន ទៅកាន់ប្រទេសថៃ និងលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចង្អៀតកម្ពុជា-ថៃ លើកទី២ កាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។
ខាងក្រោមនេះជាការប្រកាស របស់ក្រសួងការបរទេសកម្ពុជា៖