(ម៉ានីល)៖ បន្ទាប់ពីការកើតមានភាពរកាំរកុះខ្លាំងជាមួយអង្គការសហប្រជាជាតិ ដែលជាស្ថាប័នកំពូលរបស់អន្តរជាតិ នោះ ប្រទេសហ្វីលីពីនដែលមានបុរសខ្លាំង គឺលោក Rodrigo Duterte ជាប្រមុខដឹកនាំ ហាក់ទទួលបានការចាប់ អារម្មណ៍កាន់តែខ្លាំងពីអន្តរជាតិ ជាពិសេសក្រោយពីស្ថាប័នប៉ូលិសជាតិ បានបង្ហាញរបាយការណ៍ចុងក្រោយថា មនុស្ស ១,៨០០នាក់ត្រូវបានបាញ់សម្លាប់ ក្នុងប្រតិបត្តិការកម្ចាត់និងបោសសម្អាត ឧក្រិដ្ឋជនគ្រឿងញៀន នៅទូទាំងប្រទេសអាស៊ានមួយនេះ ក្នុងរយៈពេលតែ ៥០ថ្ងៃប៉ុណ្ណោះ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នេះទៀតថា សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតរបស់ហ្វីលីពីនោះ បានសម្តែងក្តីព្រួយបារម្ភដ៏ជ្រាលជ្រៅបំផុត មិនធ្លាប់មានចំពោះហ្វីលីពីន ក្រោយពីបានឃើញរបាយការណ៍របស់ ទីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិ ដែលបានបញ្ជាក់ថាមនុស្ស ១,៨០០នាក់ត្រូវបានប៉ូលិសហ្វីលីពីនបាញ់សម្លាប់ក្រៅប្រព័ន្ធតុលាការ។
យ៉ាងណាក៏ដោយប៉ូលិសហ្វីលីពីន បានធ្វើការបកស្រាយចំពោះអ្នកសារព័ត៌មានអន្តរជាតិនានា នៅទីក្រុងម៉ានីល នាព្រឹកថ្ងៃអង្គារនេះថា «តាមពិតទៅក្នុងចំណោមឧក្រិដ្ឋជន ១,៨០០នាក់នោះ គឺ ១,០៦៧នាក់ត្រូវបាន ប៉ូលិស ធ្វើការស៊ើបអង្កេតយ៉ាងច្បាស់លាស់ ជាមុនរួចមកហើយ ទើបសម្រេចឲ្យមានការប្រហារជីវិត នៅហ្នឹងកន្លែង»។ នេះ បើតាមសម្តីលោក Ronald Rosa មេបញ្ជាការប៉ូលិសជាតិហ្វីលីពីន។
គួរបញ្ជាក់ថារយៈពេលមួយសប្តាហ៍មកហើយ ដែលអង្គការសហប្រជាជាតិ និងប្រធានាធិបតីហ្វីលីពីន បានបង្ហាញភាព ខ្វែងគំនិតគ្នា ជាពិសេសកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក Duterte បានព្រមានថា ហ្វីលីពីននឹងដើរចេញពី អង្គការសហប្រជាជាតិ និងគ្រោងអំពាវនាវឲ្យប្រទេសចិននិងបណ្តាប្រទេសដទៃទៀត រៀបចំបង្កើតវេទិកាសកល ឬអង្គការអន្តរជាតិថ្មីមួយ ក្រៅពី UN ថែមទៀតផង។ ទោះបីជាបែបនេះក្តីលោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay បានបកស្រាយកាលពីថ្ងៃចន្ទថា ហ្វីលីពីន នឹងនៅតែជាសមាជិក UN ជានិច្ច ហើយសម្រាប់ការលើកឡើង របស់លោក Dutert នោះវាគ្រាន់តែជាការបង្ហាញការ «ខកចិត្តយ៉ាងជ្រាលជ្រៅ» ផ្ទាល់ខ្លួនលោកតែប៉ុណ្ណោះ៕