(សៀមរាប)៖ អង្គពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២៣ នៅសាលវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ។

ក្នុងមហាសន្និបាតនេះក៏មានព្រះរាជវត្តមាន និងព្រះវត្តមាន យាង និមន្ដចូលរួមរបស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេចព្រះរាជាគណៈ ព្រះមន្ដ្រីសង្ឃគ្រប់ជាន់ថ្នាក់ សមណនិស្សិត និស្សិត និងមន្ដ្រីរាជការចូលរួមប្រមាណ១០០០អង្គ/ នាក់ ដែលរៀបចំដោយ ក្រសួងធម្មការ និងសាសនា។

ក្នុងពិធីបើកមហាសន្និបាតនេះ តំណាងអាជ្ញាធរជាតិអប្សរា ក៏បានទទួលការអញ្ជើញឲ្យ ចូលរួមឡើងធ្វើបទបង្ហាញស្ដីអំពី បេតិកភណ្ឌអង្គរ និងអារាមព្រះពុទ្ធសាសនា ដែលមានចំណុចសំខាន់ៗមានដូចខាងក្រោម៖

⁃ ច្បាប់ស្ដីអំពីសម្បត្តិបេតិកភណ្ឌចេញដោយព្រះរាជក្រឹត្យ
⁃ ការចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះបេតិកភណ្ឌក្នុងវត្តអារាម
⁃ អំពីកិច្ចការងារអភិរក្សសំណង់ចាស់ៗនៅទីវត្តអារាមមួយចំនួន
⁃ អំពីការទប់ស្កាត់សំណង់នានានៅតាមវត្តអារាមមួយចំនួន
⁃ អំពីវត្តអារាមដែលបានចូលរួមដោះស្រាយសណ្ដាប់ធ្នាប់ និងបរិស្ថាន។

ក្រោយបានបញ្ចប់បទបង្ហាញរួចមក គណៈសង្ឃ ព្រះមន្ដ្រីសង្ឃក្នុងពិធីទាំងមូលបានចូលរួមអបអរសាទរ និងបានស្វាធ្យាយ ជយន្ដោ ប្រសិទ្ធិពរដល់ប្រាង្គប្រាសាទជាបេតិកភណ្ឌពិភពលោក  ហើយនិងប្រជាជនខ្មែរដែលកំពុងប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរ  នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប  ឲ្យបានជួបតែនឹងពុទ្ធពរតរៀងទៅ។

សូមជម្រាបផងថា ថ្ងៃទី១៤ធ្នូនេះ ជាថ្ងៃពិសេស គឺជាថ្ងៃដែលប្រាសាទអង្គរវត្ត បានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករយះពេល៣១ឆ្នាំមកហើយ ស្របពេលជាមួយពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣១ផងដែរ៕