(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក KSI ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី និងបានផ្លាស់ប្តូរទស្សនៈស្តីពី កម្មវិធីនិងគំនិតផ្តួចផ្តើមនានារបស់ KSI ក្នុងការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់។

នៅល្ងាចថ្ងៃដដែលនេះ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមពិសាអាហារពេលល្ងាចរៀបចំដោយលោក Faisal Abdullah H. Amodi ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស្មោះត្រង់ ដើម្បីរកវិធីនិងមធ្យោបាយដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអារ៉ាប៊ីសាអូឌីត រួមទាំងតាមរយៈក្របខណ្ឌអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលទើបតែបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លើកដំបូងរបស់ខ្លួន នៅទីក្រុងរីយ៉ាដ កាលពីខែតុលា កន្លងទៅ៕