(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ថវិកា ទឹកដោះគោ និងទឹកផ្លែឈើមួយចំនួនទៅជូនដល់ លោក ពៅ គីសាន់ (ហៅនាយឆើត) ជាតារាកំប្លែងជើងចាស់ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
ការចុះសួរសុខទុក្ខនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះអ្នកសិល្បៈករជើងចាស់ ដែលជាអ្នកបង្ហាត់បង្រៀន និងជាអ្នកបន្សល់ទុកនូវស្នាដៃសិល្បៈជាច្រើន សម្រាប់កូនចៅសិល្បៈជំនាន់ក្រោយៗទៀត។ ជាមួយគ្នានោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់ លោក ពៅ គីសាន់ ក៏ដូចជាសិល្បករ-សិល្បការនីទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ យកពេលវេលាសម្រាកឱ្យបានគ្រប់គ្រាន់ ទោះបីជាមមាញឹកជាមួយការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយ។
ឆ្លើយតបទៅនឹងទឹកចិត្តដ៏សប្បុរសនេះ លោក ពៅ គីសាន់ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខជាប់ជានិច្ចចំពោះសិល្បករគ្រប់រូបដែលមានជំងឺ និងជួបការលំបាកក្នុងជីវភាពដោយមិនប្រកាន់នូវបក្សពួក និងនិន្នាការនយោបាយអ្វីឡើយ៕