(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ព្រះសង្ឃមួយអង្គដែលបើករថយន្តបុកម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួស២នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះ ពេលនេះត្រូវបានមន្រ្តីសង្ឃ និងមន្ទីរធម្មការ និងសាសនា ផ្សឹករួចហើយ, បញ្ចូនទៅកាន់ការិយាល័យចរាចរណ៍ក្រុងព្រះសីហនុ នេះបើតាមភ្នាក់ងារ Fresh News រាយការណ៍នៅមុននេះបន្តិច។
ព្រះសង្ឃមួយអង្គ ដែលបានបើករថយន្ត Highlander មួយគ្រឿងទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួស២នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ មានព្រះនាម យុ សុទិ (ឈ្មោះដើម ដែន មករា) គង់នៅវត្តរុក្ខារាម ខេត្តប៉ៃលិន ដែលបានមកគង់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា នៅម៉ោងជាង៧យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ មានសង្ឃមួយអង្គ បើករថយន្ត Highlander មួយគ្រឿងទៅបុកប៉ះម៉ូតូ២គ្រឿង នៅផ្លូវឯករាជ្យម្តុំស្ពានអូរសំអាតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ បណ្តាលឲ្យបុរស២នាក់ ភាគីខាងម៉ូតូរងរបួស។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយកើតហេតុ លោកបានបញ្ជាឲ្យឃាត់ព្រះកាយព្រះសង្ឃអង្គនេះ មកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕