(ភ្នំពេញ)៖ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានស្នើដល់រដ្ឋបាលរាជធានីភ្នំពេញ ជួយជំរុញឲ្យការចុះ MOU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រា ឲ្យបានលឿន។

លោកទូតឥណ្ឌូនេស៊ី បានស្នើឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកពីរបប ប៉ុល ពត ដែលធ្វើឱ្យរាជធានីភ្នំពេញ ធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះប្រទេសជាតិ និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

លោក ឃួង ស្រេង បានបន្តទៀតថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗ របស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោក ស៊ូកាណូ (Soekano) និងលោក អាលី អាឡាតាស (Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែនបានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថី ឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េ ប្រវែង ៦.២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា «មហាវិថី ស៊ូកាណូ (Soekano Boulevard)» និងខ្សែទី២ ផ្លូវបេតុងម៉េ ប្រវែង ៥.៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថី ឈ្នះ-ឈ្នះ ជា «មហាវិថី អាលី អាឡាតាស់ (Ali Alatas Boulevard)»។ ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានជំរាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ និងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សាសន្តិសុខ ជូនស្ថានទូតឲ្យបានល្អ និងការរៀបចំសណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន នៅជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញស្ថានទូត ទៅតាមការស្នើឡើងរបស់លោក សាន់តូ ជាម៉ូស៊ូម៉ាតូ។

ជាការឆ្លើយតប លោក សាន់តូ ជាម៉ូស៊ូម៉ាតូ បានអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងរដ្ឋធានី អាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី០២- ០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ។

បន្ថែមពីនេះ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ ក៏បានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារពលរដ្ឋឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ ជាង២០០០នាក់ ដែលគ្រោងនឹងបោះឆ្នោតសកល នៅខែកុម្ភៈ ខាងមុខនេះ និងជំរុញឲ្យការចុះ MOU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រា ឲ្យបានលឿន៕