(ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនគ្រឿង ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគូលែន ខេត្តព្រះវិហារ បានដកហូត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ១ករណី តាមដងស្ទឹងក្នុងភូមិសាស្ត្រស្រុកគូលែន នាព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគូលែនចំនួន៥នាក់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនជើង ចុះល្បាតតាមដងស្ទឹងរងារ ទៅត្រង់ចំណុចពាមសំរ៉ង ស្ថិតក្នុងភូមិភ្ជួរជ្រូក បានធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី) ចំនួន១ករណី។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតសម្ភារមួយចំនួនរួមមាន៖ ម៉ាស៊ីនឆក់ត្រីចំនួន ៦គ្រឿង, ដងឆក់ត្រីចំនួន១២ ដើមស្មើនឹង៦គូ និងអាគុយចំនួន៦។ សម្ភារដែលបានដកហូតខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីចាក់ការបន្ត។

លោក ឱ សេង បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីនេសាទខុសច្បាប់នេះ សមត្ថកិច្ចបានអប់រំណែនាំ ជាមួយនឹងការធ្វើកិច្ចសន្យាផ្តិតមេដៃទុកជាភស្តុតាង បញ្ឈប់សកម្មភាពនេសាទល្មើសច្បាប់ ចាប់ពីថ្ងៃនេះតទៅ។

លោកក៏បានអំពាវនាវប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ជាអ្នកប្រកបរបរនេសាទត្រី សូមកុំនេសាទត្រីដោយប្រើឧបករណ៍ល្មើសច្បាប់ ដែលជាហេតុនាំឱ្យប្រឈម និងផ្លូវច្បាប់ ពិសេសធ្វើបំផ្លាញពូជង្រីផងដែរ៕