(ព្រះសីហនុ)៖ ស្ថានភាពអាកាសធាតុនាតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដូច្នេះប្រជាពលរដ្ឋដែលមានបំណង និងកំពុងស្នាក់នៅដើម្បីដើរលេងកំសាន្ត ងូតទឹកសមុទ្រនោះ សូមមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះអាកាសធាតុលើផ្ទៃសមុទ្រ មានពពកច្រើន កម្លាំងខ្យល់បក់កន្រ្តាក់ម្តងៗ មធ្យម និងទឹករលកយោលតិចៗនៅចន្លោះឃ្លង។ នៅឆ្នេរអូឈើទាល ខ្យល់បក់ខ្លាំ់ង និងទឹករលកបោកមធ្យម។ អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះ ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗ បែបនេះទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕