(បាត់ដំបង)៖ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសហការជាមួយបណ្ដាញកសិអេកូឡូស៊ី (ALiSEA) បង្កើនការផ្សព្វផ្សាយការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដែលជាបច្ចេកទេសនៃការធ្វើកសិកម្មថ្មីមួយ ជួយឱ្យកសិករទទួលបានផលចំណេញ ហើយនៅតែរក្សាដីឱ្យមានសុខភាពល្អដដែល ខណៈការសិក្សាស្រាវជ្រាវបានរកឃើញថា ការហូរច្រោះដី និងការបាត់បង់ជីវជាតិដី ធ្វើឱ្យកម្ពុជាប្រឈមនឹងការបាត់បង់ថវិកាប្រមាណ ៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់ កាស៊ីក បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកសិករដែលអនុវត្តការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីនៅកម្ពុជា មានចំនួនតិចនៅឡើយ ហេតុនេះហើយទើបអ្នកជំនាញ ណែនាំឱ្យកសិករផ្លាស់ប្តូរការធ្វើកសិកម្មតាមទម្លាប់ចាស់ ងាកមកធ្វើកសិកម្មតាមទម្លាប់ថ្មី ដើម្បីធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញ ពីការធ្វើរបរមួយនេះ។
លោក ឱម គឹមស៊ា គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅដំណើរទស្សនកិច្ច នៅកាន់សមាគមនិរន្តរភាពដី ដើម្បីជីវិត ដែលជាសមាជិកនៃបណ្ដាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
លោកបន្តថា ថ្វីត្បិតតែការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ជួយដល់សុខភាពដី ធ្វើឱ្យដីមានគុណភាណ និងនិរន្តភាពយូរអង្វែងក៏ដោយ ប៉ុន្តែការជំរុញឱ្យកសិករងាកមកប្រើប្រាស់បច្ចេកទេសថ្មី មិនមែជារឿងងាយស្រួលនោះទេ ទាល់មានការបង្ហាញថា ការធ្វើកសិកម្មបែបថ្មី ទទួលបានផលចំណេញ នោះទើបកសិករងាកមកអនុវត្តតាម។ ហេតុដូច្នេះហើយបានជាក្រសួងកសិកម្ម សហការជាមួយអង្គការសង្គមស៊ីវិល បាននិងកំពុងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីធ្វើការប្រៀបធៀប រវាងការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី និងការធ្វើកសិកម្មតាមទម្លាប់ចាស់ ថាមួយណាទទួលបានផលចំណេញជាង។
លោកបន្ថែមថា «យើងកំពុងប្រឹងប្រែងប្រៀបធៀបឱ្យឃើញការពិត ជាពិសេស គឺខាងប្រសិទ្ធភាពសេដ្ឋកិច្ចតែម្តង។ ទាល់តែឃើញថា ប្រសិទ្ធភាពសេដ្ឋកិច្ច វាមានប្រសិទ្ធភាពល្អជាងការធ្វើកសិកម្មបែបប្រពៃណី បានយើងឈានទៅអូសទាញគាត់ឱ្យចូលរួមបាន បើសិនជាប្រសិទ្ធភាពសេដ្ឋកិច្ចខ្សោយជាង ការធ្វើកសិកម្មបែបប្រពៃណី យើងអត់ហ៊ានចាប់ផ្តើមទេ»។
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានឱ្យដឹងថា កាស៊ីកបានបង្កើតឡើងកាលពីឆ្នាំ២០២០ ដើម្បីគាំទ្រដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី តាមគោលការណ៍ចំនួន៣ គឺទី១.ការធ្វើកសិកម្មដោយកាត់បន្ថយការរំខានដី តាមរយៈការកាត់បន្ថយការភ្ជួររាស់ដី ឬការមិនធ្វើឱ្យមានការរបើកដី និងការហូរច្រោះដី។ ទី២. ការដាំដំណាំគម្របដី ដើម្បីរក្សាទឹកនៅក្នុងដី បង្កើនជី និងជាលំនៅសម្រាប់ជីវចម្រុះ និងទី៣. ការដាំដំណាំឆ្លាស់។
បច្ចុប្បន្ននេះ មានកសិករប្រមាណ ១០ខេត្ត ដែលបានចូលរួមអនុវត្តការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដែលមាននៅ ខេត្តបាត់ដំបង កណ្តាល កំពង់ស្ពឺ ព្រះវិហារ សៀមរាប កំពង់ធំ ក្រចេះ ត្បូងឃ្មុំ និងមណ្ឌលគិរីជាដើម។
លោក ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការប្រតិបត្តិ កាស៊ីក បានលើកឡើងថា តាមលទ្ធផលនៃការស្រាវជ្រាវ ក្នុងមួយឆ្នាំៗកម្ពុជាប្រឈមនឹងការបាត់បង់ថវិកាប្រមាណពី ៦០០ទៅ៧០០លានដុល្លារ ដោយសារការហូរច្រោះដី ដែលបណ្តាលឱ្យបាត់បង់ជីវជាតិ។ លោកថា ការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីនេះ គឺជាដំណោះស្រាយដ៏ល្អមួយ ហេតុនេះហើយទើបលោកលើកទឹកចិត្ត ដល់កសិករទូទាំងប្រទេស គួរងាកមកធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីនេះ។
លោកបន្តថា «យើងយល់ថាបច្ចេកទេសនេះ យើងអាចជួយកសិករឱ្យគាត់ឃើញគាត់ចូលរួម ប៉ុន្តែការសម្រេចចិត្ត គឺជារឿងសំខាន់។ យើងមិនមែនជាអ្នកសម្រេចចិត្តជំនួសគាត់ទេ ប៉ុន្តែបើគាត់យល់ឃើញថា ធ្វើបែបហ្នឹងគាត់ទទួលបានផលចំណេញ ហើយដីគាត់កាន់តែល្អ គាត់នឹងធ្វើ»។
លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្ដាញ ALiSEA នៅកម្ពុជា បានឱ្យដឹងថា បណ្តាញ ALiSEA ដែលមានសមាជិកជាង៧០ស្ថាប័ន បានសហការជាមួយកាស៊ីក ដើម្បីគាំទ្រដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ីនៅកម្ពុជា។
លោកលើកឡើងថា កាស៊ីក ជាយន្ដការថ្នាក់ជាតិមួយ ដែលត្រូវបានបង្កើតឡើងជា ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមសហការពីអន្តរក្រសួង និងវិស័យឯកជន ដើម្បីគាំទ្រដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដូច្នេះការចូលរួមពីបណ្តាញ ALiSEA នឹងរួមចំណែក ធ្វើឱ្យយន្តការនេះ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត តាមរយៈការផលិតនូវចំណេះដឹងថ្មីៗ ចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដែលធ្វើឱ្យប្រព័ន្ធផលិតកម្ម នៅកម្ពុជាមាននិរន្តភាពជាងមុន អាហារកាន់តែមានសុវត្ថិភាពដល់បរិភោគ និងបរិស្ថានល្អ៕