(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពីរដូវត្រីបន្លាស់ទី ចេញពីបឹងទន្លេសាប។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា តាមលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួន ធ្វើចរាចរយ៉ាងគំហុកចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈពេលដែលទឹកបឹងទន្លេសាប ហូរចេញក្នុងល្បឿនលឿន។

យោងតាមស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល សូមស្នើបងប្អូនប្រជាពលរដ្ឋ កុំធ្វើនេសាទ ដោយប្រើឧបករណ៍ ដែលរាំងស្ទះដល់ការធ្វើចរាចររបស់តី្រ និងសូមអំពាវនាវ ដល់បងប្អូនប្រជានេសាទ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពនៃធនធានជលផល៕