(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានណែនាំថា និស្សិតដែលចង់ចូលរៀនថ្នាក់ឧត្តមសិក្សា អាចជ្រើសរើសជំនាញអ្វីក៏បានដែរ ប៉ុន្តែភាគច្រើននៃជោគជ័យកន្លងមក គឺរៀនតាមទេពកោសល្យ ដែលផ្ដល់សារៈសំខាន់ដល់យុវជន អ្នកសិក្សាសម្រាប់ការជ្រើសរើសជំនាញប្រចាំជីវិត។

លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

សិក្ខាសាលានេះ ក៏មានការចូលរួមពី លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, លោកស្រី ឡាយ ផល្លីន អគ្គនាយករងអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, លោកបណ្ឌិត ធន់ វឌ្ឍនា ប្រធានវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លោកគ្រូ អ្នកគ្រូ ក្រុមការងារ និងនិស្សិតជាច្រើនរូប នៅសាលទន្លេសាប នៃអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា ភាពជោគជ័យកន្លងមក រៀនតាមទេពកោសល្យ ជោគជ័យរៀនតាម៤ គឺ រៀនទៅតាមសង្គម រៀនទៅតាមទីផ្សារ រៀនតាមមរតក តែបើរៀនតាមទេពកោសល្យគាត់អាចបង្កើតការងារ និងបង្កើតឈ្មោះផលិតផល ដែលជាកេរ្តិ៍តំណែល។ ប្រសិនបើមានទេពកោសល្យតាំងពីធម្មជាតិ ធ្វើឲ្យគាត់អាចបង្កើតទីផ្សារការងារ បង្កើតឈ្មោះជាផលិតផល នៃប្រទេសខ្លួនឯង មានការទទួលស្គាល់នៅលើឆាកអន្ដរជាតិ ដែលជាសមិទ្ធផលបានថែមទៀត។ លោកជឿជាក់ថា អ្វីដែលមានទេពកោសល្យជាធម្មជាតិទោះបីជាយើងខំបន្ថែមទៀត បូកនិងការសិក្សាស្រាវជ្រាវ ធ្វើឲ្យកាន់តែល្អប្រសើរ។

លោកបណ្ឌិត សុខ ទូច ក៏បានផ្ដល់អនុសាសន៍មួយចំនួនទាក់ទងនឹងការជ្រើសរើសជំនាញរួមមាន៖ ទី១៖ បឋមជំនាញ ឬកម្មករជំនាញ៖ គួររៀនចប់ថ្នាក់ទី៩ អាចជ្រើសរើសជំនាញ ផ្សេងៗ ដូចជា៖ ការប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការងារមួយចំនួនទៀត និងទី២៖ មធ្យមជំនាញ មធ្យមឯកទេស៖ អ្នកជាប់ ឬធ្លាក់បាក់ឌុប សុទ្ធតែអាចចាប់យកបានជាជំនាញដែលកំពុងមានតម្រូវការខ្ពស់ ទាំងក្នុង ពេលអនាគតខាងមុខ៕