(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល (ស.វ.ស) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំពិធីផ្សព្វផ្សាយសៀវភៅ «ឱសថការីបារាំងម្នាក់ នៅស្រុកខ្មែរ»

សៀវភៅនេះត្រូវបាននិពន្ធជាភាសាបារាំង ដោយលោកសាស្រ្តាចារ្យ Jean Cros សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Toulouse ប្រទេសបារាំង និងត្រូវបានបកប្រែជាភាសាខ្មែរ និងផ្សព្វផ្សាយនៅកម្ពុជា ដោយលោកស្រីសាស្រ្តាចារ្យ ទេព រង្ស៊ី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃស.វ.ស។

ពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី លោក Pierre Vincent ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងសកម្មភាព វប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា លោកស្រីសាស្រ្តាចារ្យ ទេព រង្ស៊ី, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាស្រ្តាចារ្យ មន្រ្តីបុគ្គលិក និស្សិត សរុបប្រមាណ ៣៥០នាក់។

លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានថ្លែងនូវការកោតសរសើរចំពោះលោកសាស្ដ្រាចា្ររ្យ Jean Cros ដែលបាននិពន្ធសៀវភៅនេះឡើង និងលោកស្រីសាស្ដ្រាចារ្យ ទេព រង្ស៊ី ដែលបានខិតខំប្រឹងប្រែងចំណាយពេលវេលា កម្លាំងកាយចិត្ដ ស្មារតី ប្ដេជ្ញាក្នុងការបកប្រែ និងបោះពុម្ពសៀវភៅដ៏មានអត្ថប្រយោជន៍នេះ។

លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា កាយវិកាយរបស់លោកសាស្ដ្រាចារ្យ ទេព រង្ស៊ី គឺជាគំរូដ៏ល្អបំផុតសម្រាប់សាស្ដ្រាចារ្យ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងនិស្សិតនៅក្នុងវិស័យសុខាភិបាលទាំងអស់ ក្នុងការបង្កើតជាស្នាដៃ ជាឯកសារជាភាសារខ្មែរសម្រាប់ជាប្រយោជន៍ដល់សាធារណៈជន ក្នុងវិស័យសុខាភិបាលទាំងមូល ។ថ្វីត្បិតតែយើងមានការរីកចម្រើនក្នុងការបណ្ដុះបណ្ដាលវិស័យសុខាភិបាល ប៉ុន្ដែឯកសារយោងផ្សេងៗភាគច្រើនមានជាភាសាបារាំង អង់គ្លេស និងមានតិចណាស់ជាភាសាខ្មែរ។

ទន្ទឹងនឹងនោះលោកសាស្ដ្រាចារ្យ យីត ស៊ុនណារ៉ា «បានអំពាវនាវលើកទឹកចិត្ដដល់សាស្ដ្រាចារ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ជួយខិតខំចងក្រងសៀវភៅក្នុងវិស័យសុខាភិបាល ឱ្យបានច្រើនជាបន្ដទៀត ដើម្បីបានជាឯកសារសម្រាប់ការសិក្សាស្រាវជ្រាវរបស់និស្សិតយើង»

លោកបានគូសបញ្ជាក់ថា «សៀវភៅ ឱសថការីបារាំងម្នាក់ នៅស្រុកខ្មែរ បានកក់ត្រាយ៉ាងលម្អិតអំពីប្រវត្ដិសាស្ដ្រ ក្នុងការបណ្ដុះបណ្ដាលវិស័យឱសថសាស្ដ្រ ដែលខ្ញុំជឿជាក់ថាជាសៀវភៅទីមួយ ហើយបានសរសេរចងក្រងអំពីប្រវត្ដិនៃការបណ្ដុះបណ្ដាលវិស័យឱសថ ហើយកាន់តែពិសេសទៀតនោះគឺបាននិពន្ធដោយអ្នកស្រាវជ្រាវជំនាញឱសថសាស្ដ្របារំាង ដោយក្នុងនោះបានបញ្ជាក់ឱ្យឃើញពីការលះបង់ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្តារឡើងវិញនូវវិស័យសុខាភិបាល ចេញពីបាតដៃទទេ ក្រោយការដួលរលំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យបានថ្លែងអំណរគុណដល់ស្ថានទូតបារាំងប្រចាំកម្ពុជា ដែលតែងតែឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យជាពិសេសវិស័យសុខាភិបាល តាមរយៈជំនួយអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល និងទម្រង់សិក្សាស្រាវជ្រាវផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានោះលោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ ក៏បានថ្លែងឱ្យដឹងថា «សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលយើងខ្ញុំពិតជាមានមោទនភាព ដែលសៀវភៅនេះជាសក្ខីកម្មនៃការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាលវិស័យសុខាភិបាល និយាយជារួម និងនិយាយដោយឡែក ក្នុងការជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍ ជាពិសេសកិច្ចសហការរបស់បារាំង។ លើសពីនោះសៀវភៅ នេះជាឯកសារប្រវត្ដិសាស្ដ្រមួយដែលកកត់ត្រាលម្អិតពីការបណ្ដុះបណ្ដាលក្នុងវិស័យឱសថសាស្ដ្រនៅកម្ពុជា សម្រាប់ជាកេរ្ដ៍ដំណែលដល់ប្អូនជំនាន់ក្រោយ ហើយនេះក៏ជាគំរូមួយនៃការខិតខំបង្កើតសា្នដៃសម្រាប់អ្នកជំនាន់ក្រោយ ក្នុងនាមជាគ្រូ និងក្នុងនាមជាអ្នកស្រាវជ្រាវ»។

ក្នុងឱកាសនោះលោកស្រីសាស្ដ្រាចារ្យ ទេព រង្ស៊ី ដែលជាអ្នកបកប្រែសៀវភៅខាងលើនេះមកជាភាសាខ្មែរ បានសម្ដែងនូវការរីករាយជាខ្លាំង ដែលបានចូលរួមដាក់បង្ហាញនូវសៀវភៅនេះ និងការធានាបកប្រែជាភាសាខ្មែរ ហើយនេះក៏ដើម្បីចូលរួមជាមួយបុគ្គលិកសុខាភិបាល ក្នុងការលើកកកម្ពស់សុខុមាលភាពរបស់ប្រជាជនមួយផ្នែកផងដែរ។

សូមជម្រាបថា សៀវភៅមួយនេះឧទ្ទិសដល់វិស័យឱសថសាស្ត្រ ដែលបានរៀបរាប់អំពីប្រវត្តិ និងការវិវឌ្ឍនៃការបណ្តុះបណ្តាលឱសថការីនៅប្រទេសកម្ពុជា និងការជួយគាំទ្រពីកិច្ចសហប្រតិបត្តិការ បារាំង លើការបណ្តុះបណ្តាលវិស័យសុខាភិបាល ព្រមទាំងបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការស្តារឡើងវិញវិស័យសុខាភិបាល ចេញពីបាតដៃទទេ ក្រោយការដួលរលំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត៕