(កំពង់ធំ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធ បានចែកអំណោយជូនដល់ ប្រជាពលងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រាចំនួន ២០០គ្រួសារ ដែលមកពីភូមិ ចំនួន៨ ក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ពិធីចែកអំណោយបានធ្វើឡើងស្ថិតក្រោមអធិបតីភាពលោក លី វ៉េត អភិបាលរងខេត្តមានការអញ្ជើញចូលរួមពីលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច លោក អ៊ួង សារឿនអភិបាលស្រុកបារាយណ៍ មន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើន។

លោក ឈុន សារ៉ន បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច និងថ្នាក់ដឹកនាំខេត្តផងដែរ ដែលក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម  ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងភួយ១ ផងដែរ។

លោក លី វ៉េត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី មិនសមនឹងការខាតបង់របស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ។

លោកបានលើកឡើងថា ក្រសួងសង្គមកិច្ច ដែលមានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ជាសេនាធិការបាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហា ដែលជួបប្រទះខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិតសំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់ពលរដ្ឋឲ្យកាន់តែល្អថែមទៀត។

លោក លី វ៉េត បានថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋានមានភូមិ ឃុំសង្កាត់ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ៕