(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជា និងបែងចែកកម្លាំងជា៣ក្រុម ចុះល្បាតស្រាវជ្រាវទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើ ជាកម្មសិទ្ធិក្នុងតំបន់ព្រៃឡង់ដោយគ្មានការលើកលែង។

ជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានចុះទៅដល់ចំណុចសំខាន់ៗដែលបទល្មើសកើតមាន ដោយពិនិត្យឃើញការដីកាប់រានថ្មីធ្វើកម្មសិទ្ធិ ដែលមានផ្ទៃដីដកហូតដោយជំនាញបរិស្ថានប្រហែល ២៥៥ហិចតា និងគល់ឈើទើបកាត់ចាស់-ថ្មីជាច្រើនគល់។

ជាមួយគ្នានេះ កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ កំពុងធ្វើសកម្មភាពអាច្រៀកឈើ និងកាត់រានព្រៃជាក់ស្តែង ព្រមទាំងដកហូតរណាយន្ត២គ្រឿង រួចបញ្ជូនឲ្យជំនាញបរិស្ថានកសាងសំណុំរឿងតាមនីតិវិធី៕